លី បញ្ញាវុឌ្ឍ
ខ្ញុំបាទឈ្មោះ លី បញ្ញាវុឌ្ឍ ជាសិស្សថ្នាក់ទី១២ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ឆ្នាំសិក្សា ២០២២-២០២៣។ ឆ្លងកាត់រយៈពេលជាង១៣ឆ្នាំ នៃការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំអាចនិយាយបានថាសាលារៀនមួយនេះ ជាផ្ទះទី២ដ៏កក់ក្ដៅ និងជាទីកន្លែងដ៏មានអត្ថន័យសម្រាប់ខ្ញុំ។ អ្វីដែលធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាននោះគឺទឹកចិត្ត ភាពខ្វល់ខ្វាយ ការយកចិត្តទុកដាក់ ព្រមទាំងការគាំទ្រទាំងផ្លូវកាយ និងផ្លូវចិត្តពីសំណាក់គណៈគ្រប់គ្រងសាលា ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់។ នៅទីនេះ ខ្ញុំបានទទួលការអប់រំប្រកបទៅដោយគុណភាពយ៉ាងពិតប្រាកដ ដែលធ្វើឱ្យខ្ញុំទទួលបានលទ្ធផលល្អជាបន្តបន្ទាប់រួមមាន ការទទួលបាននិទ្ទេសAក្នុងការប្រឡងជារៀងរាល់ខែ ការទទួលបានមេដាយក្នុងការប្រកួតកីឡា ជ័យលាភីចំណាត់ថ្នាក់ទី២ ក្នុងការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ ម៉េងលី ជេ. គួច លើកទី៧ ការទទួលបានមេដាយក្នុងកម្មវិធីប្រកួតប្រជែងផ្នែកគណិតវិទ្យាដូចជា កម្មវិធី Math Kangaroo, Caribous Contest, SASMO, AIMO ការជាប់ក្នុងការប្រឡងសិស្សពូកែ ម៉េងលី ជេ. គួច ផ្នែកគណិតវិទ្យា ថ្នាក់ទី៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ និង ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ និងការទទួលបាននិទ្ទេសA ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីពេលថ្មីៗនេះ។
ក្រៅពីការសិក្សា ខ្ញុំក៏មានឱកាសក្នុងការទទួលបាននូវភាពរីកចម្រើនផ្នែកជំនាញទន់ផងដែរ តាមរយៈការធ្វើការងារសាលានិងការងារសង្គមជាដើម។ ឆ្លៀតពេលទំនេរពីការសិក្សារៀនសូត្រ ខ្ញុំតែងតែចំណាយពេលចូលរួមធ្វើការងារស័្មគ្រចិត្ត ព្រោះវាជាអ្វីដែលខ្ញុំស្រឡាញ់ និងចូលចិត្តតាំងពីរៀននៅបឋមសិក្សាមកម្ល៉េះ ដោយខ្ញុំបានចូលរួមកម្មវិធីដាំកូនឈើ កម្មវិធីលាបថ្នាំពណ៌សាលា និងការចុះចែកអំណោយដល់ជនរងគ្រោះដោយសារគ្រោះធម្មជាតិជាដើម។ មិនតែប៉ុណ្ណោះ ខ្ញុំថែមទាំងបានចូលរួមក្នុងក្រុមប្រឹក្សាសិស្ស ហៅកាត់ថា AISSC ចាប់តាំងពីជំនាន់ទី១ ហើយនៅជំនាន់ទី២ ខ្ញុំក៏បានក្លាយជាប្រធានក្រុមប្រឹក្សាសិស្ស។ តាមរយៈការធ្វើជាប្រធានក្រុមប្រឹក្សាសិស្ស ខ្ញុំមានឱកាសក្នុងការអភិវឌ្ឍនូវសមត្ថភាពក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ភាពក្លាហាន ការអត់ធ្មត់ ការចេះគ្រប់គ្រងអារម្មណ៍ ការដោះស្រាយបញ្ហា ការទទួលខុសត្រូវ ការបែងចែកពេលវេលា ការនិយាយជាសាធារណៈ ការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ និងបានយល់ដឹងពីសង្គមខាងក្រៅកាន់តែច្បាស់។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំសិក្សា២០២២-២០២៣រួចមក ខ្ញុំអាចនិយាយបានថាសាលាបានផ្ដល់នូវការអប់រំដ៏ល្អ ហើយបានដុសខាត់ខ្ញុំឱ្យមានការត្រៀមខ្លួនបានពេញលេញក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យ។
ជាចុងក្រោយ ខ្ញុំសូមផ្ដាំទៅប្អូនៗជំនាន់ក្រោយថា ការសិក្សារៀនសូត្រនិងការធ្វើការងារស័្មគ្រចិត្ត ពិតជាមានតម្លៃនិងផ្ដល់ផលប្រយេាជន៍យ៉ាងច្រើនអនេក ដូច្នេះប្អូនៗត្រូវចេះចាប់ឱកាស ចាប់ឱ្យជាប់ ចាប់ឱ្យណែន កុំបង្អង់យូរ ត្រូវស្វះស្វែងក្រេបយកចំណេះដឹង ចំណេះធ្វើ ជំនាញទន់ ដោយខិតខំប្រឹងប្រែងឱ្យអស់និងដល់ទីបំផុតសម្រាប់ជាទុនក្នុងការកសាងមាគ៌ាជីវិតរបស់យើងនាពេលអនាគត។