កម្មវិធីចែកអំណោយសប្បុរសធម៌ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា អង្គខ្នារ
កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បាននាំយកអំណោយសប្បុរសធម៌តាមរយៈមូលនិធិ ម៉េងលី ជេ. គួច ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា អង្គខ្នារ ដែលមានទីតាំងនៅ ភូមិអង្គខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រះរាជាណាចក្រកម្ពុជា។ សាលាបឋមសិក្សាមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្តតាកែវ មានអគារសិក្សាចំនួន៣ខ្នង ក្នុងនោះមានអគារពីរមានសិស្សសរុបចំនួន៣២៤នាក់ ស្រី១៥៨នាក់ និងគ្រូបង្រៀនចំនួន៩នាក់ ស្រី៥នាក់ ក្នុងឆ្នាំសិក្សា២០២១-២០២២។ ខណៈអគារ១ ខ្នងទៀតមានសភាពទ្រុឌទ្រោម ហើយបច្ចុប្បន្នកំពុងស្វែងរកជំនួយពីសប្បុរសជនដើម្បីជួយដោះស្រាយផលលំបាកដែលសាលាកំពុងខ្វះខាត។ ដោយសារតែសាលាបឋមសិក្សា អង្គខ្នារ មានភាពខ្វះខាត ក្រុមការងារមូលនិធិ ម៉េងលី ជេ. គួច សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង បានសម្រេចផ្ដល់ជំនួយជាថវិកាចំនួន ៥,៣០០ដុល្លារអាមេរិក ដើម្បីធ្វើការសាងសង់បន្ទប់ទឹកចំនួន១ខ្នង មាន២បន្ទប់ និងសាងសង់កន្លែងលាងដៃចំនួន១ កន្លែង។