ការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតគូរគំនូរ និងតាំងពិព័រណ៍ស្នាដៃសិស្សលើកទី១៤ នៅបរិវេណអគារ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ ក្រោមអធិបតីភាព លោកស្រី រស់ យ៉ាងណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
នៅក្នុងកម្មវិធីនេះ សិស្សានុសិស្សបានដាក់តាំងស្នាដៃផ្សេងៗទៅតាមក្រុមនីមួយៗ ដែលមានស្នាដៃជាច្រើនសន្ធឹកសន្ធាប់បង្ហាញជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងសាធារណជនដែលអញ្ជើញចូលរួមទស្សនា និងសិក្សាស្វែងយល់យ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនេះដែរ សាលាក៏មានរៀបចំកម្មវិធីមួយទៀតគឺការប្រកួតគូរគំនូរក្រោមប្រធានបទស្តីពី “កុមារ និងធម្មជាតិ” ហើយក្នុងដំណើរការនៃការប្រកួតប្រជែងគូរគំនូរនេះ បានប្រព្រឹត្តទៅដោយគណៈគ្រប់គ្រងសាលាបានបែងចែកសិស្សជាក្រុមៗ ហើយឱ្យក្រុមនីមួយៗជ្រើសរើសរូបភាពសម្រាប់យកគូរដោយខ្លួនឯងដោយគោរពតាមប្រធានបទដែលបានកំណត់។
ពេលកំពុងចាប់ផ្តើមការប្រឡងប្រកួតប្រជែង សិស្សានុសិស្សគ្រប់ក្រុមនីមួយៗ បានសហការគ្នា យ៉ាងសកម្ម ហើយតាមក្រុមនីមួយៗមានសិស្សខ្លះជាអ្នកគូររូបភាព រីឯសិស្សខ្លះទៀតជាអ្នកផាត់ពណ៌ លើរូបគំនូរ។ នៅពេលដែលសិស្សានុសិស្សចាប់ផ្តើមគូរគំនូរមានលោកគ្រូ អ្នកគ្រូជាអ្នកដើរត្រួតពិនិត្យ និងធ្វើការណែនាំតាមក្រុមនីមួយៗដើម្បីឱ្យសិស្សាមានស្មារតីប្រុងប្រយ័ត្នកាន់តែខ្ពស់។ បន្ទាប់មកទៀត គណៈកម្មការបានវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រឹតទៅលើស្នាដៃនីមួយៗ ហើយក្រោយពីរកឃើញ ជើងឯកគូរគំនូរលើកទី១៤ ឆ្នាំ២០២២ គណៈកម្មការនឹងបិទផ្សាយពីលទ្ធផល ហើយនឹងប្រគល់បណ្ណសរសើរ និងកាដូអនុស្សាវរីយ៍ជូនដល់សិស្សានុសិស្សដែលបានជាប់ជ័យលាភីក្នុងការប្រកួត។ សកម្មភាពនេះបានបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាព សហការ ដឹកនាំ និងឯករាជ្យក្នុងការធ្វើការងារជាក្រុម ជាពិសេសវាជាពេលវេលាមួយដែលធ្វើឱ្យពួកគេអាចរឹតបន្តឹងចំណងមិត្តភាពរបស់ពួកគេបានកាន់តែល្អប្រសើរជាមួយមិត្តរួមថ្នាក់ក៏ដូចជាមិត្តរួមជំនាន់។