កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ សាលារៀន អន្ដរទ្វីប អាមេរិកាំង បានប្រារឰកម្មវិធីការប្រកួតអាន និងតែងអត្ថបទ ភាសាខ្មែរ ម៉េងលី ជេ. គួច លើកទី៥ ថ្នាក់ទី៧ ដល់ទី១២ តាមសាខានីមួយៗបានយកបេក្ខជនរបស់ខ្លួនដើម្បីចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅសាខាកណ្តាល ម៉ៅសេទុង។ ជាលទ្ធផលនៃការប្រកួតប្រជែងអាន និងតែងអត្ថបទភាសាខ្មែរ គណៈកម្មការវាយតម្លៃនៃកម្មវិធី “ការប្រកួតអាន និងតែងអត្ថបទភាសាខ្មែរ ម៉េងលី ជេ. គួច” លើកទី៥ បានរកឃើញម្ចាស់ជ័យលាភី៣រូប ដែលមានសមត្ថភាពខ្ពស់ជាងគេ និងស័ក្តិសមជាម្ចាស់ជ័យលាភីរួមមាន លេខ១ យុវសិស្ស តាំង ឆាយហ៊ួត សិស្សថ្នាក់ទី១១ “ខ” នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង លេខ២ យុវសិស្ស ង៉ូវ ហ៊ុយតិច សិស្សថ្នាក់ទី១១ “ឃ” សាខាម៉ៅសេទុង និងលេខ៣ គឺយុវតី សាមន្ថា លក្ម្សី សិស្សថ្នាក់ទី១១ “ង” សាខាម៉ៅសេទុង។ ហើយបេក្ខជនដែលមានសមត្ថភាពដណ្ដើមបានជ័យលាភីលេខ១ នៅវគ្គផ្ដាច់ព្រ័ត្រនេះ គឺទទួលបានអាហារូបករណ៍សិក្សាឥតបង់ថ្លៃ១០០% មេដាយមាស១ បណ្ណសរសើរ១សន្លឹក និងវត្ថុអនុស្សាវរីយ៍។ រីឯលេខ២ ទទួលបានអាហារូបករណ៍៧៥% មេដាយប្រាក់១ បណ្ណសរសើរ១សន្លឹក និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធិ១ បណ្ណសរសើរ១សន្លឹក និងវត្ថុអនុស្សារីយ៍ផងដែរ។ មិនតែប៉ុណ្ណោះ ក្រៅពីបេក្ខជនជើងឯកទាំង៣រូបនោះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បានផ្ដល់វចនានុក្រមខ្មែរមួយក្បាល ដល់បេក្ខជនលេខ ៤ ដល់លេខ១០ផងដែរ ដើម្បីជាការលើកទឹកចិត្ត។
Category: ផ្សេងៗ