ជម្រាបសួរលោក លោកស្រី និងប្អូនៗកុមារជាទីគោរព ស្រឡាញ់រាប់អាន!
នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជឿជាក់លើសាលារៀន អន្តរទ្វីប អាមេរិកាំង!
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនចំណេះដឹងទូទៅខ្មែរដែលមានកម្រិតគុណភាពអប់រំខ្ពស់ វិន័យល្អ និងសេវាកម្មរហ័សប្រកបដោយភាពកក់ក្តៅ។ បរិយាកាសសិក្សាប្រកបដោយផាសុកភាព ថ្នាក់រៀនមានភាពទាក់ទាញគួរឱ្យចង់រៀន សម្ភារឧបទេសក្នុងការបង្រៀនសម្បូរបែប លោកគ្រូ អ្នកគ្រូ ប្រកបដោយជំនាញវិជា្ជជីវៈពិតប្រាកដ។
សម្រាប់កុមារតូចៗ ប្អូនៗនឹងទទួលបាននូវចំណេះដឹង មូលដ្ឋានគ្រឹះបំណិនស្តីពីការងាយសម្របខ្លួនក្នុងការសិក្សា តាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមសិក្សា ការប្រតិបត្តិខ្លួនចំពោះជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រាស្រ័យជាមួយមនុស្សជុំវិញប្រកបដោយសីលធម៌ និងសុជីវធម៌ល្អ។ សម្រាប់ប្អូនៗកុមារកម្រិតបឋមសិក្សា ដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែទទួលបាននូវចំណេះដឹងទូទៅខ្មែរប៉ុណ្ណោះទេ ប្អូនៗថែមទាំងទទួលបាននូវការបង្ហាត់បង្រៀនបន្ថែមនូវមុខវិជ្ជាមួយចំនួនដូចជា ភាសាអង់គ្លេស កុំព្យូទ័រ សិល្បៈភ្លេង សិល្បៈរបាំ សិល្បៈគំនូរ គេហកិច្ច និងកីឡាជាច្រើនប្រភេទ ព្រមទាំងបណ្តុះនូវបំណិនប្រសប់ក្នុងការសម្របខ្លួនយ៉ាងប្រសើរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ប្អូនៗកុមារទាំងអស់មានឱកាសបញ្ចេញនូវទេពកោសល្យសម្តែងបង្ហាញពីភាពច្នៃប្រឌិត បំណិនប្រសប់របស់ខ្លួនក៏ដូចជាការបញ្ចេញចំណេះដឹងទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ ទាំងកម្មវិធីក្នុងសាលារៀន ក៏ដូចជាចូលរួមជាមួយស្ថាប័នផ្សេងៗទៀត ពិសេសស្ថាប័នរដ្ឋ។ សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង គឺពិតជាបានទទួលការបណ្តុះនូវចតុស្តម្ភទាំងបួនពិតប្រាកដ គឺចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ កត្តាទាំងនេះ ជាឱកាសដែលអាចរុញច្រានប្អូនៗកុមារឱ្យទទួលបានភាពជោគជ័យក្នុងវ័យសិក្សារបស់ពួកគេ ហើយក៏ជាឱកាសដែលពួកគេ នឹងទទួលបាននូវអនាគតដ៏ភ្លឺត្រចះត្រចង់។
ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ។ តាងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមស្វាគមន៍ការមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក!
តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាមាតាបិតា អ្នកអាណាព្យាបាលដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយ គុណភាព និងប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាង ច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់នៅជាមួយគ្នាដែលប្រកបដោយក្រមសីលធម៌។
កម្មវិធីសិក្សារបស់សាលារៀន អន្តរទ្វីប អាមេរិកាំង យកតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡាជាគោល។ ប៉ុន្តែ អី្វដែលពិសេស លើសពីនេះគឺសាលាមានកម្មវិធីថី្មៗបន្ថែមជាច្រើនទៀតសម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំនិនជីវិត កម្មវិធីសិក្ខាសាលានានាទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងសម្បូរបែប និងការចូលរួមការងារសហគមន៍ ដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិតជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង ធានាផ្តល់នូវគុណភាពអប់រំតាមស្តង់ដាខ្មែរ-អាមេរិកាំង ដែលផ្តល់ការរីកលូតលាស់ដល់បុត្រធីតារបស់លោកអ្នកតាមលក្ខណៈត្រឹមត្រូវតាមបរិបទថ្មីនៃការរីកចម្រើនរបស់ពិភពលោក។
វិនិយោគលើការអប់រំ វិនិយោគនៅសាលារៀន អន្តរទ្វីប អាមេរិកាំង!
ខ្ញុំបាទ ហ៊ុល សារួន អតីតជាអ្នកអប់រំ សម្របសម្រួលកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកមកប្រែ ភាសាបារាំង អង់គ្លេស ខ្មែរ នៅអង្គការក្រៅរដ្ឋាភិបាលមួយ (អង្គការដើម្បីភាពញញឹមនៃកុមារ PSE)។
ការធ្វើការក្នុងរយៈពេលយូរនៅស្ថាប័ន្ថមួយ (រយៈពេល១១ឆ្នាំ) បានធ្វើអោយខ្ញុំមានគំនិតចង់ផ្លាស់ប្តូរទីកន្លែងការងារថ្មី ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍ ទទួលនូវអ្វីដែលថ្មី និងដើម្បីបញ្ចេញសមត្ថភាពដែលខ្លួនមាន។ តាមរយៈការសិក្សា បទពិសោធន៍ ការស្រលាញ់ និងដោយសារការគិតថាការបម្រើការងារលើផ្នែក វិស័យអប់រំមានតម្លៃជាងគេ ខ្ញុំបានមើលឃើញនូវសាលាឯកជនមួយដែលខ្ញុំមានបំណងចង់បម្រើការងារ គឺសាលាអន្តរទ្វីបអាមេរិកាំង ដែលជាសាលាធ្វើការបណ្តុះបណ្តាល និងអប់រំដោយផ្តោតលើវិន័យ គុណភាព និង សេវាកម្មជាចម្បង។
ហើយអ្វីដែលជាតម្លៃរបស់សាលាមួយទៀត គឺការបង្រៀនដល់សិស្សអោយមាន ភាពស្មោះត្រង់ មានការទទួលខុសត្រូវខ្ពស់ និងការស្ងប់នូវអំពើពុករលួយ។ ហើយរាល់ជោគជ័យនៃការសិក្សារបស់សិស្ស គឺជាលទ្ធផលដែលចេញពីសមត្ថភាពនៃការខំប្រឹងប្រែងយ៉ាងពិតប្រាកដរបស់ពួកគេដោយផ្ទាល់ ។ ម្យ៉ាងទៀត តាមរយៈកម្មវិធីរបស់សាលា សិស្សបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ទាំងសកម្មភាពស្រាវជ្រាវ មនុស្សធម៌ វប្បធម៌ សកម្មភាពបំណិន និងសកម្មភាពកំសាន្ត។
ជាការពិតនៅក្នុងប្រទេសមួយ ភាពរីកចម្រើន និងការអភិវឌ្ឍរបស់ជាតិ គឺអាស្រ័យទៅលើគុណភាពនៃការអប់រំរបស់ប្រទេសនោះ ព្រោះវិស័យមួយនេះបានដើរតួនាទីយ៉ាងសំខាន់ ហើយជាវិស័យសេនាធិការក្នុងការបញ្ចេញធនធានមនុស្សដើម្បីបម្រើប្រទេសអោយមានវឌ្ឍនភាព។ មួយវិញទៀត បើក្នុងប្រទេសមួយដែលសម្បូរដោយមនុស្សចេះដឹងមានន័យថាគុណភាពអប់រំល្អ ប្រទេសនោះនឹងពោរពេញទៅដោយធនធានមនុស្សដែលធ្វើការប្រកបដោយសក្តានុពល ប្រកបដោយគុណធម៌ សីលធម៌ និងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដូចពាក្យស្លោកមួយបញ្ជាក់បានថា គុណភាពនៃការអប់រំជាគុណភាពនៃការអភិឌ្ឍន៍ជាតិ និងគ្រួសារ។
លោកស្រី អ៊ាវ ណារី កើតនៅឆ្នាំ១៩៧៥ នៅខេត្តកំពត។ លោកស្រីទទួលបានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិនៅឆ្នាំ១៩៩២ រួចបន្តការសិក្សានៅសាលាគរុសកោសល្យ និងវិក្រិតការខេត្តកំពត នៅឆ្នាំ១៩៩៤ និងបញ្ចប់នៅឆ្នាំ១៩៩៦។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៦ លោកស្រីបានចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ នៃសាលាបឋមសិក្សា លក ដែលស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត។ បន្ទាប់មកនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០១ លោកស្រីក៏បានផ្លាស់ប្តូរការងារមកបម្រើការងារនៅអង្គការដើម្បីភាពញញឹមនៃកុមារ ក្នុងតួនាទីជាគ្រូបង្រៀន។ ផ្អែកលើសមត្ថភាពការងាររបស់លោកស្រី លោកស្រីត្រូវបានដំឡើងតួនាទីជាជំនួយការគរុកោសល្យ ផ្នែកបឋមសិក្សា។ លោកស្រីបានចាប់ផ្តើមបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ក្នុងតួនាទីជាចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សារហូតមកដល់សព្វថ្ងៃនេះ។
ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះសាលាយើងខ្ញុំ។ តាំងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗកុមារទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញប្រវត្តិវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ ២០០៣ ហើយបានបន្តចាប់យកជំនាញជាគ្រូបង្រៀនដោយឆ្លងកាត់ការបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតឧត្តមពីវិទ្យាស្ថានជាតិអប់រំ (NIE) នៅក្នុងឆ្នាំ២០០៥។ បន្ទាប់មកទៀត លោកបានបញ្ចប់ដោយជោគជ័យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រវត្តិវិទ្យា ពីរាជបណ្ឌិត្យសភាកម្ពុជានៅក្នុងឆ្នាំ២០០៨។ ជាការពិតណាស់ ការបោះជំហានចូលក្នុងវិថីអប់រំចំណេះដឹងទូទៅ គឺចាប់ផ្តើមពីគ្រូបង្រៀនពេញម៉ោង លើមុខវិជ្ជាប្រវត្តិវិទ្យា និងភូមិវិទ្យានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់តាំងពីសាលានេះចាប់បដិសន្ធិឡើងនៅឆ្នាំ២០០៥។ លោកបានផ្លាស់ប្តូរតួនាទីជាបន្តបន្ទាប់ក្នុងអំឡុងរយៈពេល១៥ឆ្នាំនេះ ពេលខ្លះជាគ្រូក្រៅម៉ោង ពាក់កណ្តាលពេញម៉ោង គ្រូពេញម៉ោង ថែមទាំងមានតួនាទីជាអនុប្រធានក្រុម និងប្រធានក្រុមបច្ចេកទេសមុខវិជ្ជាទៀតផង។ ឆ្លងកាត់បទពិសោធន៍បង្រៀន និងដឹកនាំក្រុមមុខវិជ្ជា អស់រយៈពេលជិត១៥ឆ្នាំ លោកត្រូវបានគណៈគ្រប់គ្រងសាលាប្រគល់តួនាទីថ្មីមួយទៀតជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។ ជាមួយនឹងតួនាទី និងទំនួលខុសត្រូវកាន់តែធំជាងមុន ពិតជាផ្តល់អត្ថន័យធំធេងណាស់សម្រាប់លោកដើម្បីការបន្តបំពេញបេសកកម្មរបស់សាលារៀនក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅប្រទេសកម្ពុជាដែលប្រកបដោយគុណភាព សីលធម៌ ភាពជាមេដឹកនាំ និងទំនួលខុសត្រូវ ស្របតាមនិន្នាការពិភពលោកនៃសតវត្សទី២១ ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។
ជាចុងបញ្ចប់ ដើម្បីឱ្យបេសកកម្មរបស់ពួកយើងទទួលបានជោគជ័យ គឺមិនអាចកាត់ផ្តាច់បានឡើយពីការចូលរួមគ្រប់មជ្ឈដ្ឋាន ក្នុងនោះរួមមានអ្នកអាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ទាំងមូល ក្នុងការគាំទ្រ ជំរុញ កែលម្អ និងលើកទឹកចិត្ត ក្នុងន័យលើកស្ទួយវិស័យអប់រំជាតិនិយាយជារួម និងសាលារៀន អន្តរទ្វីប អាមេរិកាំងនិយាយដោយឡែក រួមគ្នាបណ្តុះ «ទំពាំងស្នងឬស្សី» របស់យើងឱ្យក្លាយជាបុគ្គលដ៏ប្រសើរនាថ្ងៃអនាគត។
សូមគោរពជូនពរលោកលោកស្រី អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់មានសុខភាពល្អ និងសម្រេចជោគជ័យគ្រប់ភារកិច្ច។ សូមអរគុណ។
សូមជម្រាបសួរ លោក លោកស្រី សាធារណជនទូទៅ និងប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន!
សូមស្វាគមន៍មកកាន់គេហទំព័រ និងការមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំងរបស់យើងខ្ញុំ!
សាលារៀន អន្តរទ្វីប អាមេរិកាំងគឺជាសាលាចំណេះទូទៅឯកជនដែលមានកម្មវិធីសិក្សាបែបស្ដង់ដា និងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ក្រៅពីស្របតាមកម្មវិធីសិក្សារបស់រដ្ឋ សាលាក៏មានបញ្ចូលកម្មវិធីជំនាញជាច្រើនទៀតដូចជា ៖ សិល្បៈ ភ្លេង របាំ គេហកិច្ច គំនូ ក្បាច់គុនល្បុក្កតោ និងកីឡាជាច្រើនមុខទៀត។ មិនត្រឹមតែប៉ុណ្ណោះ សាលារៀនយើងក៏មានបន្ថែមនូវដំណើរទស្សនកិច្ចសិក្សា បំណិនជីវិត សកម្មភាពការងារសង្គម និងកម្មវិធីសប្បុរសធម៌ផងដែរ។ លើសពីនេះទៅទៀតសាលាគឺយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអប់រំ វិន័យ សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បីឱ្យការសិក្សារបស់សិស្សទទួលបាន ចំណេះដឹង ចំណេះធ្វើប្រកបដោយគុណភាព និងបទពិសោធជីវិតល្អៗជាក់ស្ដែងក្នុងសង្គម និងអភិវឌ្ឍខ្លួនឱ្យក្លាយជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អដែលសង្គមជាតិត្រូវការ។
ការសម្រេចចិត្តរបស់លោក លោកស្រីក្នុងការបញ្ជូនបុត្រធីតាឱ្យមកសិក្សានៅ សាលារៀន អន្តរទ្វីប អាមេរិកាំង កូនៗរបស់លោកអ្នក និងទទួលបានចំណេះដឹង ជំនាញពិតប្រាកដដែលជាយានសម្រាប់ដឹកនាំទៅកាន់អនាគតមួយដ៏ត្រចះត្រចង់នាពេលខាងមុខ។
ជាទីបញ្ចប់តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើសាលារៀន អន្ដរទ្វីប អាមេរិកាំងយើងខ្ញុំ។
សូមជូនពរលោក លោកស្រី និងប្អូនៗសិស្សានុសិស្សទាំងអស់ជួបប្រទះតែ សុខភាពល្អ សេចក្ដីសុខ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ !
លោកស្រី ប៉ែន ពន្លឺ កើតនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ១៩៨២ នៅខេត្តបាត់ដំបង។ លោកស្រីទទួលបានសញ្ញាបត្រមធ្យមសិក្សា គរុកោសល្យ ផ្នែកបឋមសិក្សា នៅក្នុងឆ្នាំ២០០២។ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០២ លោកស្រីបានចេញទៅបម្រើការងារ ជាគ្រូបង្រៀនផ្នែកបឋមសិក្សា នៅសាលាបឋមសិក្សាបឹងអាជាង ក្នុងខេត្តបាត់ដំបងបានរយៈពេលជិត២ឆ្នាំ។ ក្រោយមក ដោយសារសាលារៀនដែលលោកស្រីទៅបម្រើការនោះនៅឆ្ងាយពីផ្ទះ លោកស្រីក៏សម្រេចចិត្តព្យួរការងារ ហើយក៏បានផ្លាស់ មកធ្វើការជាគ្រូបង្រៀនមត្តេយ្យភាសាអង់គ្លេសពាក់កណ្តាលពេញម៉ោងនៅក្នុងក្រុងបាត់ដំបងវិញ។
ជាមួយគ្នានេះដែរ ក្នុងកំឡុងពេលបំពេញការងារជាគ្រូមត្តេយ្យភាសាអង់គ្លេស លោកស្រីក៏បានចូលសិក្សាថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានគ្រប់គ្រង និងសេដ្ឋកិច្ច(IME) បានរយៈពេលជិតពីរឆ្នាំ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៥ លោកស្រីក៏បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សិទ្ធ សុខសាន្ត ដែលធ្វើការជាបុគ្គលិកនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ក្នុងរាជធានីភ្នំពេញ ដែលតម្រូវ ឱ្យលោកស្រីត្រូវប្តូរទីលំនៅ ហើយត្រូវផ្ទេរការងារពីខេត្តបាត់ដំបងមកបម្រើការងារនៅសាលាបឋមសិក្សាសាមគ្គី ក្នុងរាជ ធានីភ្នំពេញវិញ ក្នុងឆ្នាំ២០០៥។
ក្រោយមក ដោយសារលោកស្រីបានទទួលជោគជ័យក្នុងការសម្ភាសចូលធ្វើការនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រីក៏បានសម្រេចចិត្តចូលធ្វើការចាប់ពីពេលនោះមក។ ក្នុងកំឡុងពេលធ្វើការ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង អ្នកស្រីបានឆ្លៀតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅ សកលវិទ្យាល័យភ្នំពេញ អន្តរជាតិ (PPIU) ចាប់ពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៦ រយៈពេលបួនឆ្នាំ ដោយរៀនវេនយប់។ មិនយូរប៉ុន្មាន នៅថ្ងៃ ទី២២ខែកុម្ភៈ ឆ្នាំ២០១៦ លោកស្រីបានទទួលសញ្ញាបត្រកម្រិតបរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេស (គ្រប់គ្រងជំនួញ) ដោយជោគជ័យ។ លោកស្រី ប៉ែន ពន្លឺ បានចូលបម្រើការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ក្នុងតួនាទីជាគ្រូបង្រៀនផ្នែកបឋមសិក្សា (ពេញម៉ោង)។
ដោយយោងទៅលើសមត្ថភាព ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ លោកស្រីក៏ទទួលបានការតំឡើងតួនាទីជាចាងហ្វាងរង ក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោកនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ លោកស្រីប៉ែន ពន្លឺ បានបំពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេលជិត១៤ឆ្នាំកន្លងមកនេះ។ លោកស្រីគឺជាគ្រូមួយរូបដែលមានការប្តេជ្ញាចិត្តខ្ពស់ពោរពេញដោយគំនិតច្នៃប្រឌិត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ។ សាលាមានការកោតសរសើរយ៉ាងស្មោះចំពោះលោកស្រីដែលមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រី ភី ភារីន កើតនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៨១ នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ សុ្រកលើកដែក ខេត្តកណ្តាល។ លោកស្រី បានទទួលសញ្ញាបត្រគ្រូមធ្យមសិក្សាបឋមភូមិ ឯកទេសអប់រំកាយ និងកីឡា នៅឆ្នាំ២០០១ និងសញ្ញាបត្រកម្រិតបរិញ្ញបត្រ ផ្នែកអក្សរសាស្ត្រភាសាអង់គ្លេស ពីសកលវិទ្យាល័យ អន្តរជាតិ ភ្នំពេញ នៅឆ្នាំ២០០៨។
លោកស្រីបានចូលបម្រើការក្នុងស្ថាប័នរដ្ឋមួយ នៅវិទ្យាល័យឥន្រ្ទទេវី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០០១ រហូតដល់បច្ចុប្បន្ន។ ទន្ទឹមគ្នាផងដែរ លោកស្រីបានចូលបម្រើការងារនៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០៦ ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេស និងគ្រូកីឡា អប់រំកាយ ក្រៅម៉ោង។ ផ្អែកលើសមត្ថភាព និងការខិតខំប្រឹងប្រែងធ្វើការងាររបស់លោកស្រី លោកស្រីត្រូវបានដំឡើងតួនាទីជាអនុប្រធានផ្នែកកីឡា។ បន្ទាប់មកទៀត លោកស្រីត្រូវបានដំឡើងតួនាទីជាប្រធានផ្នែកកីឡា ដោយសារភាពសម្របសម្រួលការងាររបស់លោកស្រីក្នុងការដឹកនាំ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ និងភាពតស៊ូលះបង់ខ្ពស់ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍផ្នែកកីឡា នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង។ សព្វថ្ងៃ លោកស្រីជានាយិកាកីឡា នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
ក្នុងនាមលោកស្រីតំណាងបុគ្គលិកសិក្សា នៃវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រី មាតាបិតា ឬអ្នកអាណាព្យាបាលដែលតែងតែគាំទ្រ និងមានទំនុកចិត្តចំពោះវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលារៀនផ្តល់នូវសេវាអប់រំ និងចំណេះដឹងពិតប្រាកដជូនដល់កុលបុត្រកុលធីតាខ្មែរ ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ។
លោក ឃៀង វាសនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីសកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៥ ហើយក៏បានបញ្ចប់ ថ្នាក់អនុបណ្ឌិតសិក្សាអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្នភ្នំពេញ ក្នុងឆ្នាំ២០១៥ ផងដែរ។
លោកបានចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនាមជាប្រធានគ្រូកុំព្យូទ័រនៅសាសារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សា ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។ មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកធ្លាប់ជាអ្នកបម្រើការងារនៅអង្គការ។
គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅអនាគត។
លោក ប៉ែន វិរៈ កើតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៨៤ នៅសង្កាត់ទួលស្វាយព្រៃII ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកទទួលបានសញ្ញាបត្រកម្រិតបរិញ្ញាបត្រ ផ្នែកបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្ម ពីសាកល វិទ្យាល័យ អាស៊ី អឺរ៉ុប នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១០។
លោកបានចូលបម្រើការងារនៅវិទ្យាស្ថាន និងសាលារៀន អន្តរទី្វប អាមេរិកាំង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៤ ក្នុងតួនាទីជាបុគ្គលិកផ្នែកទីផ្សារ។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាព តស៊ូអត់ធ្មត់ក្នុងការបំពេញការងារ ក្នុងរយៈពេល ១១ឆ្នាំ ដែលលោកបានបម្រើការងារ ជូនវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកទទួលបានការផ្លាស់ប្តូរ និងដំឡើងតួនាទីជាបន្ដបន្ទាប់។ នៅក្នុងឆ្នាំ២០០៦ លោកត្រូវ បានដំឡើងតួនាទីពីបុគ្គលិកផ្នែកទីផ្សារ ទៅជាប្រធានផ្នែកទីផ្សារ។ នៅឆ្នាំ២០០៧ លោកក៏ត្រូវបានផ្លាស់ប្តូរពី ប្រធានផ្នែកទីផ្សារ ទៅមន្ត្រីផ្នែករដ្ឋបាល។ នៅឆ្នាំ២០០៨ ដោយផ្នែកការិយាល័យកិច្ចការសិស្សទើបបង្កើតថ្មី ត្រូវការបុគ្គលិកដែលមានបទពិសោធន៍ និងមានសមត្ថភាពក្នុងការបម្រើការងារក្នុងផ្នែកនោះ លោកក៏ត្រូវបាន ជ្រើសរើសមកបំរើការងារជាមន្ត្រីការិយាល័យកិច្ចសិស្ស ដែលនៅពេលនោះមានលោកគ្រូ ហែម សុធារី ជាប្រធាន ផ្នែកការិយាល័យកិច្ចការសិស្ស។ នៅចុងឆ្នាំ២០១៤ លោកត្រូវបានដំឡើងតួនាទីទៅជាប្រធានផ្នែកការិយាល័យ កិច្ចការសិស្ស រហូតដល់បច្ចុប្បន្ន។
លោកបានបំពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នកន្លងមក ហើយលោកគឺជាថ្នាក់ដឹកនាំមួយរូបដែលមាន ការប្តេជ្ញាចិត្តខ្ពស់ពោរពេញដោយគំនិតច្នៃប្រឌិត ប្រកបដោយក្រមសីមធម៌វិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ។ វិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានកោតសរសើរយ៉ាងស្មោះចំពោះលោក ដែលមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបាន ជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។
លោក ឡោ ណាវុធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០១១។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៩ លោកបានចូលបម្រើការងារនៅ ស្ថាប័នអប់រំឯកជនមួយកន្លែង ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង រហូតដល់ឆ្នាំ២០១៥។ នៅក្នុងកំឡុងពេលនោះដែរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកក៏បានចូលបម្រើ ការងារនៅវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ បន្ទាប់មកទៀត នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ លោកបានផ្លាស់ប្តូរតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ ក្នុងរយៈពេល៥ឆ្នាំ ដែលលោកបានបម្រើការងារជូនវិទ្យាស្ថាន និងសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកត្រូវបានដំឡើងតួនាទីជាប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាភាសាអង់គ្លេស តាំងពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ នៅសាសារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
ជម្រាបសួរមាតាបិតា ឬអ្នកអាណាព្យាបាលជាទីគោរព!
សួស្តីប្អូនៗសិស្សានុសិស្សជាទីរាប់អាន!
នាងខ្ញុំឈ្មោះ ផែង ស្រីណាង មានតួនាទីជា ប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា។ ផ្នែកលេខាធិការកម្មវិធីសិក្សាជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះ ផ្នែកលេខាធិការត្រូវរៀបចំរាល់ឯកសារសិស្ស និងឯកសារផ្សេងៗ ទៀតរបស់សាលារៀនជាមួយការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ។
តួយ៉ាងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាមួយដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ1910អយក.ប្រក. ចុះថ្ងៃទី27 ខែវិចិ្ឆកា ឆ្នាំ2006 និងលេខ458អយក.ប្រក. ចុះថ្ងៃទី27 ខែមីនា ឆ្នាំ2007។ អស់រយៈពេល10ឆ្នាំ ដែលនាងខ្ញុំបានបម្រើការងារនៅក្នុងសាលា នាងខ្ញុំសង្កេតឃើញថា សាលារៀនមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរ-អាមេរិកាំង។ ឆ្លងកាត់រយៈពេល12ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាក់គ្រឹះយ៉ាងរឹងមាំទាក់ទងនឹងវិស័យអប់រំ នៅក្នុងរាជធានីភំ្នពេញ និងជាសាលាទី1 ដែលលេចធ្លោជាងគេ អំពីគុណភាព វិន័យ និងសេវាកម្ម។ គណៈកម្មាការសាលា ព្យាយាមជ្រើសរើសលោកគ្រូ-អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ល្អ បន្ទប់សិក្សាបំពាក់ដោយសម្ភារទំនើប បណ្ណាល័យធំទូលាយ កម្មវិធីប្រកួតប្រជែងសមត្ថភាព កម្មវិធីសប្បុរធម៌ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។
ក្នុងនាមនាងខ្ញុំជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងប្រាថ្នាអ្វីបានដូចបំណង។
កញ្ញា លុយ វិបុល កើតនៅក្នុងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៨៧ នៅស្រុកបាធាយ ខេត្តកំពង់ចាម។
នៅឆ្នាំ២០១០ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១០ កញ្ញាបានចូលបំរើការងារនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយមានដែលមានឈ្មោះថា អង្គការសកលអន្តរភាព (Transitions Global) ដែលមានតួនាទីជាបុគ្គលិកសង្គមកិច្ច និងប្រឹក្សាយោបល់ផ្នែកការសិក្សាអប់រំ និងអាជីពអស់រយៈពេលជិត៤ឆ្នាំ។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ កញ្ញាបានចូលបំពេញការងារជាអ្នកប្រឹក្សាយោបល់ ឬអ្នកប្រឹក្សាសិក្សាសាលា (School Counselor) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ នៅក្នុងឆ្នាំនេះដែរ កញ្ញាបានបញ្ចប់បរិញ្ញាបត្រអក្សរសាស្រ្តអង់គ្លេសពីវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ដោយយោងទៅលើសមត្ថភាពការងារ ភាពម៉ត់ចត់ ច្បាស់លាស់ ការខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ក្នុងការបំពេញការងារ កញ្ញាទទួលបាននូវការបោះឆ្នោតគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាវិន័យ ដែលបានធ្វើឡើងនៅក្នុងអង្គប្រជុំនៃក្រុមប្រឹក្សាវិន័យ ក្នុងតួនាទីជាអ្នកប្រឹក្សាយោបល់ផងដែរ។ បន្ទាប់មកទៀត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ កញ្ញាត្រូវបានដំឡើងតួនាទីពីអ្នកប្រឹក្សាយោបល់ ឬអ្នកប្រឹក្សាសិក្សាសាលាទៅជាប្រធានអ្នកប្រឹក្សាយោបល់ ដែលបច្ចុប្បន្ននឹងត្រូវជួយសម្របសម្រួលលើអ្នកប្រឹក្សាទាំងបីសាខា។ កញ្ញាបានរួមចំណែកដ៏ចាំបាច់បំផុតដើម្បីចែករំលែកនូវវិធីសាស្រ្តសិក្សា អប់រំវិន័យ និងសីលធម៌ទៅដល់សិស្សានុសិស្សដែលកំពុងមានវត្តមាននៅសាលារៀន អន្តរទ្វីប អាមេរិកាំងឱ្យទទួលបាននូវគុណភាពសិក្សា វិន័យ និងសីលធម៌។ មិនតែប៉ុណ្ណោះ កញ្ញាបានដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិត្តសាស្រ្តក្នុងការជួយសម្របសម្រួល និងប្រឹក្សាបញ្ហាផ្លូវចិត្តទៅដល់សិស្សានុសិស្ស។
កញ្ញា លុយ វិបុល បានពេញការងារយ៉ាងល្អប្រសើរជូនស្ថាប័នអស់រយៈពេលជាង០៥ឆ្នាំកន្លងមកនេះ។ កញ្ញា គឺជាសមាជិកគណៈកម្មការមួយរូប ដែលមានការប្តេជ្ញាចិត្តខ្ពស់ពោរពេញដោយគំនិតច្នៃប្រឌិត ប្រកបដោយក្រមសីមធម៌វិជ្ជាជីវៈខ្ពស់ក្នុងការបំពេញការងារ។ សាលាមានការកោតសរសើរយ៉ាងស្មោះចំពោះកញ្ញា ដែលកញ្ញាមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។
លោក ផេង ឧត្តម កើតនៅឆ្នាំ ១៩៩១ នៅខេត្តតាកែវ ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបង្រៀបភាសាអង់គ្លេស ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅឆ្នាំ ២០១៦។ ពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ន ឧត្តមបានបង្រៀនថ្នាក់ភាសាអង់គ្លេសនៅតាមសាលាឯកជនមួយចំនួន និងទទួលបានបទពិសោធន៍ល្អៗជាច្រើន។ ក្រោយមកទៀត លោកបានដាក់ពាក្យសុំបំពេញការងារនៅ សាលារៀន អន្តរទ្វីបអាមេរិកាំងចាប់តាំងពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន។លោក ផេង ឧត្តម បាននិងកំពុងបំរើរការជូន សាលារៀន អន្តរទ្វីបអាមេរិកាំង ក្នុងតួនាទីជាគ្រូក្រៅម៉ោងពេលដំបូង ហើយក៏បានប្តូរតួនាទីជាគ្រូពេញម៉ោងរហូតមក។ ដោយមានសម្ថភាពបង្រៀន ការចេះជួយក្រុមការងារដោយទឹកចិត្តល្អ និង បូកផ្សំនិងការសហការការងារល្អ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ឧត្តម ត្រូវបានតំឡើងតួនាទីជាអនុប្រធានគ្រូភាសាអង់គ្លេសដែលសម្របសម្រួល កម្មវិធីសិក្សាពីថ្នាក់ក្រោមមត្តេយ្យដល់ថ្នាក់ទី១២ អមជាមួយកម្មវិធីចំណេះទូទៅភាសាខ្មែរស្របតាមស្តង់ដារអាមេរិកាំងនៅ សាខាទួលគោក។ ក្នុងនាមជាអនុប្រធានគ្រូម្នាក់ ឧត្តម មានទំនួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទី និងរីករាយក្នុងការជួយក្រុមការងារ និង សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីបអាមេរិកាំងនេះ ឱ្យមានភាពរីកចំរើននិងមានគុណភាពខ្ពស់។
សូមជម្រាបសួរ លោក លោកស្រី សាធារណជនទូទៅ និងប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន!
ខ្ញុំបាទ ឈ្មោះ ហុកសេង ប៊ុនឈឿន ជាអនុប្រធានផ្នែលេខាធិការកម្មវិធីសិក្សា។ ខ្ញុំបាទបានចូល បម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានតួនាទីជា លេខាធិការកម្មវិធីសិក្សា និងបានដំឡើងតួនាទីមកជាអនុប្រធានផ្នែកលេខាធិការកម្មវិធីសិក្សា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩រហូតមកដល់បច្ចុប្បន្ននេះ។ សាលារៀន អន្តរទ្វីប អាមេរិកាំងគឺជាសាលាចំណេះទូទៅឯកជនដែលមានកម្មវិធីសិក្សាបែបស្ដង់ដា និងទទួលស្គាល់ដោយក្រសួង អប់រំ យុវជន និងកីឡា។ ផ្នែកលេខាធិការកម្មវិធីសិក្សាជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការសិក្សាប្អូនៗ និងការបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ។
លើសពីនេះ ផ្នែកលេខាធិការត្រូវរៀបចំរាល់ឯកសារសិស្ស ពិន្ទុ និងឯកសារផ្សេងៗ ទៀតរបស់សាលារៀនជាមួយការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងជឿជាក់លើសាលារៀន អន្ដរទ្វីប អាមេរិកាំង។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមអរគុណ !