សាលារៀន អន្តរទ្វីប អាមេរិកាំង ជាគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលចំណេះដឹងទូទៅមួយ ផ្ដោតសំខាន់ទៅលើគុណភាព វិន័យ និងសេវាកម្ម។ សាលារៀនឯកជននេះ ត្រូវបានគេមើលឃើញថា មានការគាំទ្រពីបណ្ដាអាណាព្យាបាលសិស្ស សិស្សានុសិស្ស និងសាធារណជនយ៉ាងផុសផុលនៅកម្ពុជា។
នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង ចូលរៀនឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណសាលារៀនឯកជននេះ ពោរពេញទៅសកម្មភាពរស់រវើក និងទឹកមុខស្រស់ស្រាយបំផុត រវាងសិស្ស និងសិស្ស សិស្ស និងគ្រូ បន្ទាប់ពីវិស្សមកាលអស់មួយរយៈពេលកន្លងទៅ។
អ្នកស្រី សាឯម កម្រង នាយិកា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានលើកឡើងថា ថ្ងៃចូលរៀនដំបូងដើមឆ្នាំសិក្សាថ្មីនេះ ពិតជាមានសារៈសំខាន់ និងអត្ថប្រយោជន៍ សម្រាប់សិស្សានុសិស្ស ដែលមិនគួរមើលរម្លងឡើយ។ ព្រោះជាថ្ងៃថ្មី និងថ្ងៃដំបូង នៃការសិក្សា ដែលសិស្សត្រូវដឹងពីគោលការណ៍របស់សាលា និងលោកគ្រូ អ្នកគ្រូ ដាក់ចេញសម្រាប់អ្នកសិក្សា។
អ្នកស្រីថា នៅពេលសិស្សដឹងច្បាស់ ស្គាល់ច្បាស់ ពីបញ្ហានានាទាក់ទិននឹងសាលា លោកគ្រូ អ្នកគ្រូ គោលការណ៍សាលា និងបទបញ្ញតិសាលាជាដើមហើយ នោះសិស្សានុសិស្សនឹងបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ហើយចេះកំណត់គោលដៅសម្រាប់សិក្សា តាំងពីដើមឆ្នាំ រហូតចុងឆ្នាំសិក្សា ដើម្បីទទួលបានផ្លែផ្កាល្អ និងជាធនធានដ៏ប្រពៃសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ នាពេលបច្ចុប្បន្ន និងអនាគត។