កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ បណ្ណាល័យជាតិកម្ពុជា និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលរួមទិវាជាតិអំណានលើកទី៦ នៅបណ្ណាល័យជាតិកម្ពុជា ដែលដឹកនាំដោយកញ្ញា ស៊ូ សុជាតា បណ្ណារក្សជាន់ខ្ពស់នៃបណ្ណាល័យ ម៉េងលី ជេ. គួច ដែលបានរៀបចំឡើងនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ក្រោមប្រធានបទ “អានច្រើន បង្កើនឱកាស” ក្រៅតែពីអ្នកចូលរួមយ៉ាងច្រើននោះ ក៏មានស្តង់សៀវភៅមិនតិចនោះដែរ ដែលបានចូលរួមអបអរនិងលើកកម្ពស់ការអាននៅកម្ពុជានេះដែរ។ គេសង្កេតឃើញថាស្តង់អំណានកុមាររបស់បណ្ណាល័យ ម៉េងលី ជេ. គួច មួយប៉ុណ្ណោះ ដែលបង្ហាញពីទស្សនីយភាពទាក់ទាញចំណាប់អារម្មណ៍កុមារតូចៗឱ្យចូលអានកម្សាន្តសប្បាយដោយសេរី។ ស្តង់អំណានកុមារនៃបណ្ណាល័យនេះ ជាចំណែកមួយជួយបណ្តុះទម្លាប់អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ ព្រមទាំងរួមចំណែកការពារនិងពង្រឹងវប្បធម៌ខ្មែរតាមរយៈកុមារតូចៗ។ ទោះជាយ៉ាងណាក៏ដោយ ស្តង់អំណានកុមារនេះ គឺផ្តោតសំខាន់ទៅលើការបណ្តុះគំនិតកុមារឱ្យស្រឡាញ់ការអានសៀវភៅ និងជាកាលរួមចំណែកអភិវឌ្ឍសមត្ថភាព និងចំណេះដឹងសកលឱ្យកាន់តែទូលំទូលាយ ព្រោះការអានជាមូលដ្ឋានគ្រឹះនិងជាគន្លឹះក្នុងការកសាងធនធានមនុស្សឱ្យកាន់តែរីកចម្រើន ហើយសង្គមជាតិក៏វិវឌ្ឍទៅតាមនោះដែរ។
Category: ផ្សេងៗ