ការប្រកួតចំណេះដឹងវប្បធម៌ អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច លើកទី៥ ក្នុងវគ្គផ្តាច់ព្រ័ត្រ បានប្រពឹត្តទៅយ៉ាងស្វិតស្វាញ ក្នុងចំណោមបេក្ខជនមកពីថ្នាក់កម្រិតបឋមភូមិ និងទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ។
ទីបំផុតបន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង ពីសិស្សានុសិស្សទាំង២៨ក្រុម បានរកឃើញបេក្ខជនបីក្រុមដែលមានសមត្ថភាពលើកពាន និងទទួលបានអាហារូបករណ៍ពីសាលារៀន អន្តរទ្វីប អាមេរិកាំង។ ជ័យលាភីលេខ១ បានទៅលើក្រុមដែលមកពីថ្នាក់ទី១០ឃ គឺ យុវតី លឹម ឆេងហ៊ុយ ដែលបានចាប់ដៃគូជាមួយយុវសិស្ស ចាន់ សុខម៉េង។ ចំណែកជ័យលាភីលេខ២ ដណ្តើមបានដោយ យុវតី ស៊ីម សុវត្ថិនា និងយុវសិស្ស តាំង ប៊ុនសេង រៀននៅថ្នាក់ទី៩ខ ខណៈ យុវតី អ៊ុំ ច័ន្ទចរិយា និងយុវតី សុភ័ក្រ វណ្ណវីកាទទួលបានជ័យលាភីលេខ៣។ មកដល់វគ្គផ្តាច់ព្រ័ត្រនេះ ពួកគេបានឆ្លងកាត់វគ្គជម្រុះ២វគ្គមកហើយ ដែលមានការចូលរួមពីបេក្ខជន មិនតិចជាង១០០ក្រុមឡើយ។