កាលពីថ្ងៃទី21 ខែមករា កន្លងទៅថ្មីៗនេះ អ្នកគ្រូ លាង សុធារី បានដឹកនាំប្អូនៗសិស្សថ្នាក់ទី 10ឃ ធ្វើពិសោធក្រោមប្រធានបទ “សង្កេតប្រទីសទឹកសាប”។ គោលបំណងនៃការពិសោធគឺដើម្បីឱ្យសិស្សសង្កេតលក្ខណៈរបស់ប្រូទីសទឹកសាប កំណត់ពីរូបរាង និងទីកន្លែងដែលវារស់នៅ។ ដើម្បីដំណើរការការពិសោធនេះបាន គឺតម្រូវឱ្យមានសម្ភារមួយចំនួនដូចជា ទឹកបឹង ទឹកស្រះ ទឹកត្រពាំង ឬទឹកថ្លុក បំពង់បន្តក់ទឹក បន្ទះកញ្ចក់ស្ដើង និងមីក្រូទស្សន៍ ។
ជាលទ្ធផលនៃការពិសោធសិស្សបានរកឃើញប្រូទីសសត្វ និងប្រូទីសរុក្ខជាតិជាច្រើនប្រភេទនៅក្នុងទឹកដែលយកមកពីប្រភពផ្សេងៗគ្នាមានដូចជា អាមីប ប៉ារ៉ាមេស៊ី អឺគ្លែន សារាយ ប្លង់តុង ដែលហៅថាមីក្រូសារពាង្គកាយរស់នៅក្នុងទឹកសាប(ទឹកទន្លេ ទឹកថ្លុក ត្រពាំង បឹង ទឹកកង្វក់…)។ សិស្សអាចសន្និដ្ឋានបានថាប្រូទីសទឹកសាបមានច្រើនប្រភេទ។ វាជាសារពាង្គកាយតូចល្អិតដែលយើងមិនអាចមើលឃើញដោយភ្នែកទទេបាន ហើយរស់នៅទឹកទន្លេ ទឹកថ្លុក ត្រពាំង បឹង ទឹកកង្វក់ជាទឹកឆៅ ហើយវាអាចបង្កជំងឹដល់មនុស្សពេលដែលយើងទទួលទានទឹកដែលមិនបានសម្លាប់មេរោគជាមុន ឬដាំឆ្អឹន)។