គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានកំណត់យកកន្លែងកសិទេសចរណ៍ ដែលជាចម្ការបន្លែធម្មជាតិ និងជាសួនកម្សាន្ដបែបធម្មជាតិ EM ស្ថិតក្នុងភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ ប្រហែល២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើជាគោលដៅដំណើរទស្សនកិច្ចសិក្សាសិស្សថ្នាក់ទី៧របស់ខ្លួនទាំងបីសាខា ប្រមាណជាង៣០០នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ គួរជម្រាបជូនថា ការសម្រេចចិត្តជ្រើសរើសតំបន់នេះ ធ្វើជាគោលដៅទស្សនកិច្ចសិក្សាសម្រាប់សិស្សថ្នាក់ទី៧ គឺធ្វើឡើងបន្ទាប់ពីចាងហ្វាង លោកគ្រូ អ្នកគ្រូ នៃសាលា AIS បានចុះទៅសិក្សាទីនោះ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ហ៊ុល សារួន ចាងហ្វាងរងផ្នែកមធ្យមសិក្សាបឋមភូមិ បានឱ្យដឹងថា សាលាមានគោលដៅសំខាន់ៗមួយចំនួន ដោយឱ្យសិស្សបានសិក្សាឈ្វេងយល់ពីសារៈសំខាន់ នៃវិស័យកសិកម្មកម្ពុជា ដែលកំពុងតែប្រឈមខ្លាំងលើការប្រើប្រាស់សារធាតុពុលទៅលើបន្លែ ត្រី សាច់ ដោយមិនគិតពីផលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ និងបរិស្ថានសង្គមទាំងមូល។ ម្យ៉ាងកូនសិស្សថែមទាំងទទួលបានការអប់រំបច្ចេកទេសដាំបន្លែតាមបែបធម្មជាតិដោយគ្មានប្រើជីគីមី ឬថ្នាំពុល ពីអ្នកជំនាញផង និងកម្សាន្តដោយដើរទស្សនាដំណាំបន្លែធម្មជាតិចម្រុះប្រមាណជាង៨០ប្រភេទផង ហើយថែមទាំងជួយពង្រឹងចំណងមិត្តភក្តិពួកគេឱ្យរឹតតែរឹងមាំផងដែរ។
ជាមួយគ្នានោះ ចាងហ្វាង ប៉ែន មាលតី បានលើឡើងផងដែរថា នេះជាទស្សនវិស័យមួយដើម្បីផ្សារភ្ជាប់ទ្រឹស្ដីទៅនឹងការអនុវត្ត និងដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យកមសិកម្មកម្ពុជាផងដែរ តាមរយៈសិស្សចូលរួមសិក្សាឈ្វេងយល់ពីគុណសម្បត្តិ និងគុណវិបត្តិបន្លែទាំងនោះ។ គួរបញ្ជាក់ថា នេះជាដំណើរទស្សនកិច្ចសិក្សាលើកទី១១៤ ហើយសម្រាប់សិស្សថ្នាក់ទី៧ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង៕