ដ្បិតថាសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ៤រូប ដែលបានចូលរួមប្រកួតប្រជែងវគ្គផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០១៧ នៅសាលសន្និសីទចតុមុខ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នេះ មិនទទួលបានចំណាត់ថ្នាក់ក៏ដោយ ក៏ប៉ុន្ដែបេក្ខជនទាំង៤រូបនោះ ពិតជាពោរពេញទៅដោយសមត្ថភាព ទេពកោសល្យ ភាពប៉ិនប្រសប់ក្នុងការសម្ដែង និងទឹកដមសំឡេងពីរោះយ៉ាងរណ្ដុំបំផុត។
អ្វីដែលពិសេសនោះ ឆ្លងតាមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពេញមួយព្រឹក ក្នុងចំណោមបេក្ខជនជាកុមារដែលមានរហូតដល់ទៅ២៧ក្រុមដែលមកពីបណ្ដាសាលារៀនរដ្ឋ និងឯកជន នៅរាជធានីខេត្តចូលរួមនោះ បេក្ខជននៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ក៏មានសមត្ថភាពខ្ពស់ណាស់ដែរ ដោយទទួលបានបណ្ណកិត្តិយស និងវត្ថុអនុស្សាវរីយ៍ ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ។
សូមជម្រាបថា បេក្ខជនទាំង៤រូបដែលទទួលបានបណ្ណកិត្តិយស និងវត្ថុអនុស្សាវរីយ៍ នាឱកាសមហោស្រពតន្ត្រី និងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០១៧ នោះ រួមមាន គង់ សុពេជ្រគង្គា សិស្សថ្នាក់ទី៧ “ខ” យុវសិស្ស នួន សក្កដា ថ្នាក់ទី៧ “ខ” យុវតី ខឿនរស្មី បញ្ញាវត្តី ថ្នាក់៧ “ក” និងយុវតី ប៉ែន វិបុលវ៉ាន់នីរេបេកា សិស្សថ្នាក់ទី៨ “ក”។
លោកស្រី សាឯម កម្រង ប្រធានចាងហ្វាង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក និងជាអ្នកដឹកនាំសិស្សដោយផ្ទាល់ផងនោះ បានប្រាប់ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ ថា លោកស្រីពិតជារីករាយក្រៃលែង ដែលសិស្សានុសិស្សខ្លួនមានសមត្ថភាពឆ្លងមកវគ្គផ្ដាច់ព្រ័ត្រនេះ ព្រោះថាការប្រឡងចម្រៀងអប់រំនេះ បានបណ្ដុះស្មារតីដល់កុមារឱ្យមានភាពក្លាហាន មានសីលធម៌ សុជីវធម៌ គោរពច្បាប់ និងអាចវិវឌ្ឍខ្លួនក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងជាទំពាំងស្នងឫស្សីនៃប្រទេសជាតិនាថ្ងៃអនាគតទៀតផង។
គួររម្លឹកជូនថា កាលពីដើមខែឧសភា ឆ្នាំ២០១៦ កន្លងទៅ យុវសិស្ស១ ក្រុម នៃសាលារៀនឯកជនដ៏ល្បីឈ្មោះមួយនេះ ជាម្ចាស់ជ័យលាភីលេខ២ ពានរង្វាន់ក្រសួងព័ត៌មាន នៃកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មានម្ដងរួចហើយ៕