ដើម្បីបំពេញតម្រូវការសិស្សានុសិស្ស និងលើកស្ទួយវិស័យអប់រំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរីកចម្រើន និងប្រសើរឡើងនោះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ នេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាជ្រោយចង្វារ មួយបន្ថែមទៀត បន្ទាប់ពី Aii & AIS សាខាចោមចៅ និងសាខាផ្សារថ្មី ក្នុងឆ្នាំ២០១៩។
បើតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាន និងមហាជនយ៉ាងច្រើនកុះករក្នុងពិធីសម្ពោធអគារសិក្សានេះថា ដោយសារភាពល្បីល្បាញ និងការសំណូមពរពីមហាជនយ៉ាងផុសផុលនោះ បន្ទាប់ពីសាខាជ្រោយចង្វារនេះ លោកឧកញ៉ា នឹងបន្តពង្រីកសក្ដានុពលរបស់ Aii & AIS ឱ្យបានទូទាំងខណ្ឌក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេសបន្ថែមទៀត។
ម្ចាស់គ្រឹះស្ថានអប់រំដ៏ល្បីល្បាញរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សានៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាជ្រោយចង្វារនេះ លោកឧកញ៉ា នឹងបន្តឆ្ពោះទៅតំបន់គោលដៅជាចម្បងបន្តបន្ទាប់ទៀត។ ក្នុងនោះ គោលដៅសក្ដានុពល ដែលបានគ្រោងទុករួចជាស្រេចបន្ទាប់ពីសាខាជ្រោយចង្វារនេះរួមមាន សាខាសែនសុខ ទួលសង្កែ ច្បារអំពៅ ចំការដូង និងតំបន់ក្នុងខេត្តបាត់ដំបង។
ក្រៅពីគម្រោងទាំង៥ ខាងលើនេះ ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដដែលបានបង្ហើបប្រាប់ឱ្យដឹងថា យុទ្ធសាស្ត្របន្ទាប់ទៀតនោះ គឺឆ្ពោះទៅសាខាទឹកថ្លា ទេពផន ភ្នំពេញថ្មី ព្រែព្នៅ ព្រមទាំងហក់ទៅខេត្តកំពង់ស្ពឺ កំពង់ចាម និងខេត្តសៀមរាប ជាបន្តបន្ទាប់ទៀត។
ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានសួរថា ហេតុអ្វីបានជាជ្រើសសាខាជ្រោយចង្វារ ជាគោលដៅអាទិភាពនោះ លោកបានឱ្យដឹងថា ក្រៅពីសំណូមពរពីអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស និងគាំទ្រច្រើននៅក្នុងតំបន់នេះ។ ជ្រោយចង្វារ ក៏ជាតំបន់ពោរពេញទៅដោយសេដ្ឋកិច្ចរីកចម្រើន បរិស្ថានល្អ មានសុវត្ថិភាព និងងាយស្រួលដល់ការធ្វើដំណើរ និងការសិក្សារបស់សិស្សនៅក្នុងតំបន់នេះទាំងមូលផងដែរ។