អត្ថបទដកស្រង់ដោយ : ជា សម្បត្តិ
#MJQE#AmericanInterconSchool
យើងសង្កេតឃើញថានាពេលបច្ចុប្បន្ននេះមានមាតាបិតា ឬអ្នកអាណាព្យាបាលជាច្រើនបានដាក់កូនៗរបស់ខ្លួនឱ្យចូលរៀននៅសាលាតាំងតែពីមិនទាន់គ្រប់អាយុចូលរៀន ដោយមូលហេតុអាចបណ្ដាលមកពីឪពុកម្តាយជាអ្នកធ្វើការ មិនមានអ្នកមើលថែកូនតូចជាដើម។ ការដាក់ឱ្យកុមារសិក្សានៅកម្រិតថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សានេះ ឪពុកម្តាយត្រូវចំណាយច្រើន តែទោះជាយ៉ាងណាក៏ដោយការសម្រេចដាក់កូនសិក្សានៅកម្រិតនេះផ្តល់នូវផលប្រយោជន៍ច្រើន។ ហេតុផល៥ចំណុចខាងក្រោមនេះ នឹងជួយជំរុញឱ្យឪពុកម្តាយធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ គួរបញ្ជូនកុមារតូចៗឱ្យចូលរៀនថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា៖
១. ការសិក្សាជាមូលដ្ឋាន :
កុមារនឹងទទួលបានការអប់រំជាមូលដ្ឋានសម្រាប់ចំណេះដឹងទូទៅ ការថែទាំជំនួសឪពុកម្តាយ។ ការសិក្សាអប់រំកម្រិតជាមូលដ្ឋាននេះ រាប់ចាប់តាំងពីការនិយាយស្តី ការលេង ច្រៀង សីលធម៌ ដែលអាចឱ្យកុមារមានភាពវ័យឆ្លាត។
២. ការអប់រំទាំងសីលធម៌ និងសង្គម :
នៅក្នុងកម្រិតក្រោមមត្តេយ្យ និងមត្តេយ្យសិក្សានេះ កុមារនឹងទទួលបានការអប់រំសង្គមមានដូចជា សីលធម៌នៃការនិយាយស្តី ទម្លាប់ទទួលទាន និងការអប់រំលើសកម្មភាពប្រចាំថ្ងៃរបស់កុមារ ដែលយើងអាចសម្គាល់បានថា កុមារដែលបានចូលរៀនថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សាតែងមានទម្លាប់ប្រើពាក្យសំដីរាបសា ច្រើនមានឥរិយាបថចេះគោរព អរគុណ និងសុំទោសជាដើម។
៣. មានការប្រាស្រ័យទាក់ទងល្អ :
ដោយសារកុមារបានជួបជាមួយមិត្តភក្តិដែលមានវ័យស្របាលគ្នា រួមជាមួយគ្រូផងដែរ ជាហេតុនាំឱ្យពួកគេអាចបណ្ដុះទម្លាប់នៃការប្រាស្រ័យទាក់ទងបានល្អតាំងតែពីតូច។ បើធៀបជាមួយកុមារក្នុងវ័យដូចគ្នានៅផ្ទះ ហើយមិនសូវជាទទួលបានការអប់រំដិតដល់ពីក្រុមគ្រួសារ។
៤. កុមារទទួលបានការអប់រំសម្បូរបែប :
ជាមួយគ្នានេះ កុមារក៏នឹងទទួលបានការអប់រំពីគ្រូដែលមានគរុកោសល្យច្បាស់លាស់លើការអប់រំកុមារ ជាការអប់រំដែលសម្រួចការហាត់ពត់លត់ដុំកុមារបានល្អ។ អាចនិយាយបានថា គ្រូដែលបង្រៀនកុមារមានតាមជំនាញរៀងៗខ្លួនដូចជា គ្រូបង្ហាត់ច្រៀង គ្រូងបង្ហាត់រាំ គ្រូបង្ហាត់អក្សរនិងការអាន រួមទាំងគ្រូ ផ្សេងៗទៀតដែលអាចឱ្យកុមារទទួលបានបទពិសោធ និងការបែងចែកខួរក្បាលទទួលយកការអប់រំបានច្បាស់លាស់ និងជាក់លាក់។
៥. ជួយឱ្យកុមារមានភាពក្លាហាន :
ការរៀននៅកម្រិតក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ក៏បានជួយឱ្យកុមារមានភាពក្លាហានច្រើន ដោយសារតែពួកគេបានប្រឡូកក្នុងសង្គម ជួបជាមួយមនុស្សប្លែកច្រើនតាំងតែពីក្មេង។ ពួកគេនឹងទទួលបានការបណ្ដុះទម្លាប់មានទំនុកចិត្តលើខ្លួនឯង ហ៊ានបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ហ៊ានឆ្លើយសំណួរ ហ៊ាននិយាយ ហ៊ានអាន ហ៊ានច្រៀង ហ៊ានប្រឈមមុខនឹងបញ្ហាជាងកុមារដទៃ។ ក្រៅពីនេះ កុមារក៏មានទម្លាប់ចេះចែករំលែក ឆាប់ទទួលយកការអប់រំ និងរៀនសូត្រពីអ្វីដែលថ្មីៗផងដែរ៕
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://www.sovath.com/2021/08/blog-post_66.html