“ដំណើរកម្សាន្តពិតជាមានសារៈសំខាន់ណាស់សម្រាប់កូនក្មេង”
អត្ថបទដោយ : គុណ ភ័ត្រ្តា
#MJQE #American Intercon School
ការចំណាយពេលវេលាជាមួយនឹងក្រុមគ្រួសារពិតជាសំខាន់ និងជួយឱ្យអ្នកបានបន្ធូរអារម្មណ៍ច្រើនណាស់។ ជាការពិតណាស់ គ្រប់ពេលដែលអ្នកស្ថិតនៅក្បែរក្រុមគ្រួសារ កូនរបស់អ្នកពិតជាមិនអាចភ្លេចអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមទាំងនោះបាននោះទេ។
កូនក្មេងអាចនឹងជួបបញ្ហាស្ត្រេស ប្រសិនបើអ្នកមិននាំកូនដើរលេងឱ្យបានញឹកញាប់នោះទេ។ ការដើរលេងនេះ អាចជាការលំហែកម្សាន្តថ្ងៃឈប់បុណ្យទាននៅតាមទីរមណីយដ្ឋាននានា ឆ្នេរសមុទ្រ ដើរផ្សារទិញឥវ៉ាន់ សួនច្បារ ឬកន្លែងក្មេងលេងជាដើម។
ការដើរលេងក៏ជួយឱ្យអ្នកបានសម្រាកពីសម្ពាធការងារ និងកសាងសុភមង្គលក្នុងគ្រួសារដែរ។ អ្នកជំនាញផ្នែកសុខភាពបាននិយាយថា កូនក្មេងអាចនឹងទទួលយកបញ្ហាទាំងអស់ដែលឪពុកម្តាយមាន។ ជាមួយគ្នានេះផងដែរ អារម្មណ៍នៃភាពឯកោ និងបញ្ហាធ្លាក់ទឹកចិត្តនឹងកើតមានប្រសិនបើកុមារខ្វះការយកចិត្តទុកដាក់ពីឪពុកម្តាយ។
ដំណើរកម្សាន្តជួយឱ្យកុមារបាត់ទុក្ខកង្វល់
ថ្ងៃឈប់សម្រាក ឬដំណើរកម្សាន្តជួយឱ្យកូនរបស់អ្នកបានធូរស្រាលក្នុងអារម្មណ៍ ពីព្រោះកុមារត្រូវការពេលវេលាសម្រាកបន្ទាប់ពីគេខិតខំរៀនសូត្រអស់រយៈពេលជាច្រើនខែ។ សព្វថ្ងៃ សិស្សគ្រប់គ្នាតែងរវល់ជាមួយនឹងកិច្ចការសាលាជាច្រើនអំឡុងពេលសិក្សា។ ដូច្នេះ ប្រសិនបើមានថ្ងៃឈប់សម្រាកហើយ តែគេបែរជាមិនបានដើរលំហែរខួរក្បាល នោះបញ្ហាធុញថប់របស់គេនឹងចេះតែកើនឡើង។ ដូច្នេះហើយ ទើបសាលារៀនមួយចំនួនតែងតែនាំកូនសិស្សរបស់ខ្លួនជាក្រុម ធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាននានាអំឡុងពេលថ្ងៃឈប់សម្រាក។
ដំណើរកម្សាន្តជួយរក្សាទំនាក់ទំនងល្អរវាងអ្នក និងកូន
សព្វថ្ងៃនេះ ឪពុកម្តាយជាច្រើនមិនសូវបានមើលថែទាំកូនបានដិតដល់នោះទេ ដោយសារតែពួកគេរវល់នឹងការងារចិញ្ចឹមជីវិត។ ក្រោយពេលត្រឡប់ពីធ្វើការវិញ គេមានតិចតួចបំផុតដើម្បីលេងជាមួយកូន ឬគ្មានតែម្តង។ ដូច្នេះ ដំណើរកម្សាន្តថ្ងៃចុងសប្តាហ៍ពិតជាអាចដោះស្រាយបញ្ហាមួយចំនួនបាន។
អ្នកអាចឆ្លៀតពេលបង្រៀនកូនបាន
សាលាបានបង្រៀនកូនអ្នកនូវរឿងរ៉ាវជាច្រើន ប៉ុន្តែមិនមែនគ្រប់រឿងនោះទេ ពីព្រោះមានរឿងច្រើនណាស់ដែលអ្នកអាចបង្រៀនកូនពីអ្វីដែលសាលាមិនបានបង្រៀន។ អ្នកអាចណែនាំគេអំពីទំនាក់ទំនងសង្គម និងការគោរពចាស់ទុំជាដើម។
ចំណាយពេលនៅជាមួយគ្នាធ្វើការងារជាមួយគ្នា
ចូរសាកល្បងសកម្មភាពថ្មីៗដែលកូនអ្នកចង់ធ្វើដូចជា រៀនចម្អិនម្ហូប ដាំដំណាំ ឬផ្កាក្នុងសួន ផាត់រូប…។
ធ្វើខ្លួនឱ្យរីករាយ និងក្មេងវ័យ
វិធីសាស្ត្របន្ធូរអារម្មណ៍ និងទប់ស្កាត់ការចាស់ជរាដែលល្អបំផុតសម្រាប់អ្នក និងកូន គឺដំណើរកម្សាន្តនេះហើយ។ ចូរស្វែងរកកន្លែងណាដែលមានបរិយាកាសល្អ ឆ្ងាយពីខ្យល់ពុលក្នុងទីក្រុង ដើម្បីរកសេចក្តីសុខផ្ទាល់ខ្លួនជាមួយនឹងក្រុមគ្រួសារ នោះទំនាក់ទំនងរបស់អ្នករាល់គ្នានឹងកាន់តែល្អប្រសើរឡើង ហើយអ្នកក៏មិនអាចភ្លេចអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមនេះផងដែរ៕