ប្រធានបទ “ថែរក្សាតំបន់អេកូទេសចរណ៍ ដើម្បីផ្ដល់ចំណូលដល់ពលរដ្ឋ និងបន្តនិរន្ដរភាពនៃធនធានធម្មជាតិ”
អត្ថបទដោយ : ប៉ែន ពន្លឺ
#MJQE#AmericanInterconSchool
វិបត្តិកូវីដ-១៩ ដែលផ្ទុះឡើងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០២០ ធ្វើឱ្យសកម្មភាពទេសចរណ៍ទៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរត្រូវជាប់គាំង។ នេះគឺជាមូលហេតុដែលពលរដ្ឋកម្ពុជានាំគ្នារុករកកន្លែងទេសចរណ៍ថ្មីៗដើម្បីទៅលេងកម្សាន្ត។ ក្នុងចំណោមទីតាំងទេសចរណ៍ទាំងនោះ តំបន់អេកូទេសចរណ៍ក៏ជាគោលដៅសំខាន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ការថែរក្សាតំបន់អេកូទេសចរណ៍នៅកម្ពុជាមានសារៈសំខាន់ណាស់ ព្រោះវាជាប្រភពចំណូលដល់ពលរដ្ឋនៅក្នុងតំបន់ និងពិសេសជាងនេះ វាអាចរួមចំណែកថែរក្សាធនធានធម្មជាតិនៅកម្ពុជាបានប្រកបដោយប្រសិទ្ធភាព។
ចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើងនៅទូទាំងពិភពលោក សកម្មភាពទេសចរណ៍ទៅក្រៅប្រទេសរបស់ពលរដ្ឋខ្មែរត្រូវបានកាត់ផ្ដាច់ទាំងស្រុង។ ពលរដ្ឋខ្មែរដែលធ្លាប់តែចេញទៅក្រៅប្រទេសដើម្បីធ្វើដំណើរកម្សាន្ត លែងអាចចេញទៅក្រៅប្រទេសបានដោយងាយស្រួលទៀតហើយ។ ការធ្វើដំណើរទៅក្រៅប្រទេសត្រូវឆ្លងកាត់ដំណាក់កាលសាំញ៉ាំជាច្រើន ហើយប្រទេសគោលដៅទៀតសោត ក៏លែងមានអ្វីគួរឱ្យកម្សាន្តទៀតដែរនៅក្នុងពេលដែលពិភពលោកកំពុងតែរវល់ទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ដ៏កាចសាហាវ។
នៅក្នុងបរិបទបែបនេះ ពលរដ្ឋខ្មែរបានបង្វិលផែនការធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសមកក្នុងប្រទេសវិញម្ដង ដោយខ្លះនាំគ្នាទៅកម្សាន្តនៅខេត្តជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញដូចជា ខេត្តកំពត កែប សៀមរាប ព្រះសីហនុ មណ្ឌលគិរី និងរតនគិរីជាដើម។ ពលរដ្ឋមួយចំនួនទៀតដែលនឿយណាយនឹងតំបន់ទេសចរណ៍ទាំងនេះ បាននាំគ្នាទាំងហ្វូងទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
អេកូទេសចរណ៍ គឺជាការធ្វើដំណើរកម្សាន្តនៅតាមតំបន់ធម្មជាតិដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី។ ដើរព្រៃ ឡើងភ្នំ បោះតង់ ឬចងអង្រឹងគេងមើលផ្កាយពេលយប់នៅក្នុងព្រៃឆ្ងាយពីទីក្រុង ស្ដាប់សំឡេងសត្វយំឆ្លើយឆ្លងគ្នា។ ទាំងនេះសុទ្ធសឹងតែជាសកម្មភាពដែលគេអាចធ្វើបានតាមរយៈការទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ដែលមាននៅពាសពេញផ្ទៃប្រទេស។
តាមរយៈសកម្មភាពទេសចរណ៍របៀបនេះ ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានបានទទួលចំណូលតាមរយៈការទទួលភ្ញៀវទេសចរឱ្យស្នាក់នៅជាមួយ ចម្អិនម្ហូបអាហារឱ្យអ្នកទេសចរទទួលទាន និងជូនភ្ញៀវទស្សនាធម្មជាតិជាដើម។ បច្ចុប្បន្ន បើតាមក្រសួងទេសចរណ៍ សក្ដានុពលនៃតំបន់អេកូទេសចរណ៍របស់កម្ពុជា ជាអាទិ៍ ព្រៃភ្នំ ទឹកជ្រោះធម្មជាតិ សត្វព្រៃ ព្រមទាំងជីវចម្រុះច្រើនសន្ធឹកសន្ធាប់មាននៅខេត្តចំនួន៤ក្នុងភូមិភាគឦសាន ខេត្តចំនួន៤នៅតំបន់មាត់សមុទ្រ និងខេត្តចំនួន៦ផ្សេងទៀតនៅជុំវិញបឹងទន្លេសាប។ ប៉ុន្តែតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបអស់ទាំងនេះមានតិចតួចណាស់ដែលត្រូវបានផ្សព្វផ្សាយ និងរៀបចំបានស្រួលបួល។ តំបន់មួយចំនួនធំទៀត នៅមិនទាន់មានលក្ខណៈជាកន្លែងទេសចរណ៍នៅឡើយ ហើយក៏មិនសូវមានអ្នកទេសចរដែលស្គាល់ និងបានទៅកម្សាន្តដល់ទីនោះដែរ។
ការរៀបចំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីតំបន់អេកូទេសចរណ៍ មិនត្រឹមតែអាចបង្កើតឱកាសការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប៉ុណ្ណោះទេ វាក៏អាចរួមចំណែកជួយថែរក្សាធនធានធម្មជាតិបាន ប្រកបដោយប្រសិទ្ធភាពផងដែរ។ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលបានទទួលចំណូលពីសកម្មភាពទេសចរណ៍ ជាទូទៅលែងធ្វើចំណាកស្រុក ហើយបញ្ឈប់រាល់ទង្វើបំផ្លាញធនធានធម្មជាតិ ដូចជាកាប់ទន្ទ្រានព្រៃ និងសម្លាប់សត្វព្រៃជាដើមដើម្បីទុកសម្រាប់ទេសចរកម្សាន្ត។
អ្នកជំនាញផ្នែកធនធានធម្មជាតិ និងទេសចរណ៍បានពន្យល់បន្ថែមថា ការទៅកម្សាន្តនៅតំបន់អេកូទេសចរណ៍ ធ្វើឱ្យអ្នកទេសចរយល់ដឹង និងគោរពផ្ដល់តម្លៃដល់ធនធានធម្មជាតិ។ ហើយផ្ដើមចេញពីការគោរពនេះ អ្នកទាំងនោះនឹងចូលរួមការពារធនធានធម្មជាតិដោយចិត្តឯង មិនចាំបាច់មានការអំពាវនាវ ឬជំរុញពីនរណាឡើយ។
ជាការពិត ការរៀបចំ និងផ្សព្វផ្សាយអំពីតំបន់អេកូទេសចរណ៍តែម្យ៉ាង មិនអាចការពារធនធានធម្មជាតិបានទាំងស្រុងទេ។ ការការពារធនធានធម្មជាតិ គឺជាការងារដ៏ធំធេង និងស្មុគស្មាញដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរាជរដ្ឋាភិបាល ទាំងសង្គមស៊ីវិល និងប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងហោចណាស់នៅពេលបានទៅដល់ និងស្គាល់តំបន់អេកូទេសចរណ៍ដ៏សម្បូរបែបរបស់ កម្ពុជា ឆន្ទៈរបស់អ្នកទេសចរក្នុងការការពារធនធានធម្មជាតិនឹងកាន់តែពុះកញ្ជ្រោលជាក់ជាពុំខាន៕