“តើអ្នកបានដឹង និងធ្វើអ្វីខ្លះក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ?”
អត្ថបទដោយ : ឡោ ណាវុធ
#MJQE#AMERICANINTERCONSCHOOL
នៅប៉ុន្មានថ្ងៃខាងមុខទៀត ពិធីបុណ្យភ្ជុំបិណ្ឌនឹងឈានចូលមកដល់។ តើអ្នកបានដឹង និងធ្វើអ្វីខ្លះក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ?
ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីខ្មែរមួយដែលប្រជាពលរដ្ឋខ្មែរប្រារព្ធធ្វើមិនដែលអាក់ខានជាយូរលង់ណាស់មកហើយ ដែលមានរយៈពេល15ថ្ងៃ គឺចាប់ពីថ្ងៃ1រោច រហូតដល់ថ្ងៃ15រោច ខែភទ្របទ។ ថ្ងៃ1រោច ទៅដល់ថ្ងៃ14រោច គឺជា “ថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ”។ នៅថ្ងៃ15រោច ហៅថា “ថ្ងៃភ្ជុំបិណ្ឌ” ពីព្រោះថ្ងៃនេះអ្នកស្រុកតែងមកប្រជុំគ្នាធ្វើនៅក្នុងវត្ដគ្រប់ៗគ្នា។
នៅក្នុងរយៈពេល14ថ្ងៃ នៃការកាន់បិណ្ឌ ឬដាក់បិណ្ឌនេះ នៅព្រលឹមស្រាងៗម៉ោងប្រហែល4ព្រឹក ជាពេលមួយដែលប្រជាពលរដ្ឋខ្មែរតែងនាំគ្នាដើរទៅទីវត្តអារាមនានាដែលស្ថិតនៅក្នុងភូមិ ឬនៅក្បែរផ្ទះរបស់ខ្លួន ដើម្បីបោះបាយបិណ្ឌ ដែលជាជំនឿអរូបីមួយ (បោះបាយបិណ្ឌឱ្យពួកប្រេត) ដែលប្រជាពលរដ្ឋខ្មែរយើងនិយមធ្វើជារៀងរាល់ព្រឹក។ ពាក្យថា បិណ្ឌ មានន័យថា “ពំនូតបាយ ដែលគេឧទ្ទិស ដល់ខ្មោច ដែលបានស្លាប់ទៅ” ឬហៅថា “ការប្រមូលឱ្យមូល ឬពូតជាដុំ ដុំ ការចិញ្ចឹមជីវិត…”។ លើសពីនេះ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់រៀបចំធ្វើយាគូ ឬធ្វើភត្តាហារយកទៅវត្តប្រគេនព្រះសង្ឃ។ នៅក្នុងបរិវេណវត្ត លោកអាចារ្យមានរៀបចំពិធីរាប់បាត្រនៅលើឧបដ្ឋានសាលា។ បន្ទាប់មកលោកអាចារ្យ នាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបិត្តបូរ។ល។ ក្រៅពីនេះ ក្នុងបរិវេណវត្តក៏មានរៀបចំការពូនភ្នំខ្សាច់ផងដែរ ដោយមានការដាក់លុយនៅតាមភ្នំខ្សាច់នីមួយៗ ព្រមទាំងអុជធូនទៀនបួងសួង ដើម្បីស្មាលាកំហុសបាបដែលខ្លួនបានសាងឡើង ដោយពុំបានដឹងខ្លួននាពេលកន្លងមក។ ការពូនភ្នំខ្សាច់នេះក៏ជាការឧទ្ទិសកុសលមួយជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ។
ពិធីភ្ជុំបិណ្ឌ ជាថ្ងៃឈប់សម្រាកបុណ្យជាតិដែលប្រជាជនខ្មែរត្រឡប់ទៅស្រុកកំណើត និងខេត្តរៀងខ្លួនដើម្បីជួបជុំបងប្អូន ហើយក៏ជាពេលវេលាមួយដើម្បីធ្វើបុណ្យឧទ្ទិសកុសលជូនចំពោះពួកប្រេត មាតាបិតា ញាតិកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋានទៅកាន់បរលោក ទោះបីទៅកើតទីណា ជាអ្វីក៏ដោយ។ សូមប្រជាពលរដ្ឋខ្មែរ ចូលរួមអនុវត្តវិធានការ 3កុំ និង3ការពារឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសផុតពីជំងឺកាចសាហាវកូវីដ-19៕
ដកស្រង់ចេញពី៖
– សៀវភៅ “វចនានុក្រមខ្មែរ” សម្ដេចព្រះសង្ឃរាជ ជួន ណាត ការផ្សាយរបស់ពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពគ្រាទី៥ ព.ស. ២៥១២ គ.ស.១៩៦៧-១៩៦៨ ទំព័រ៥៧១ និង៥៦៦។
– http://rac.gov.kh/royal-academy/listing/attachments/original/65.pdf?1568972865