“អរិយធម៌ទាំង១០ដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក”
អត្ថបទដោយ : អ៊ាវ ណារី
#MJQE #American Intercon School
ប្រទេសនីមួយៗនៅលើសាកលលោក តែងតែមានដើមកំណើតអរិយធម៌ខុសៗគ្នាទៅតាមតំបន់ដែលប្រជាជនដើម នៃប្រទេសទាំងនោះរស់នៅ។ ប្រភពអរិធម៌បុរាណនេះ ជាដើមកំណើតនៃអរិយធម៌ និងវប្បធម៌សម្រាប់មនុស្សជាតិជំនាន់ក្រោយរហូតដល់សម័យបច្ចុប្បន្ននេះ។ ខាងក្រោមនេះ ជាប្រភេទអរិយធម៌ដ៏ចំណាស់ជាងគេទាំង១០របស់ពិភពលោក។
១០. អរិយធម៌អាំងកា៖ អរិយធម៌អាំងកា (Inca Civilization) បានចាប់បដិសន្ធិឡើងនៅលើដែនដីនៃ ទ្វីបអាមេរិកខាងត្បូង ដោយលាតសន្ធឹងនៅលើផ្ទៃដីនៃប្រទេសចំនួនបួនគឺ ប៉េរូ (Peru) បូលីវី (Bolivia) អេក្វាដឺ (Ecuador) និងឈីលី (Chile) នៅតាមបណ្តោយឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក។ ចក្រភពនេះមានអាយុកាលជិតមួយសតវត្សរ៍ (១៤៣៨-១៥៣២គ.ស.) និងជាចក្រភពដែលធំជាងគេនៅទ្វីបអាមេរិកខាងត្បូង។ ចក្រភពនេះត្រូវបានច្បាមយកដោយជនជាតិអេស្ប៉ាញ បន្ទាប់ពីការរកឃើញទ្វីបអាមេរិក និងការមកដល់របស់ពួកអឺរ៉ុប។
៩. អរិយធម៌អាស្តែក៖ អរិយធម៌អាស្តែក (Aztecs Civilization) មានទីតាំងស្ថិតនៅអាមេរិកកណ្តាល (ប្រទេសម៉ិកស៊ិក សព្វថ្ងៃ)។ អរិយធម៌នេះមានអាយុកាលជិតពីរសតវត្សរ៍ (១៣៤៥-១៥២១គ.ស.) ហើយបានរីកចម្រើនដល់ចំណុចកំពូលរបស់ខ្លួននៅដើមសតវត្សរ៍ទី១៦ មុននឹងត្រូវបានបំផ្លិចបំផ្លាញដោយពួកអេស្ប៉ាញ នៅឆ្នាំ១៥២១ ពោលគឺមានវាសនាដូចគ្នាទៅនឹងចក្រភពអាំងកាដែរ។
៨. អរិយធម៌រ៉ូមបុរាណ៖ អរិយធម៌រ៉ូមបុរាណ (Ancient Roman Civilization) ជាអរិយធម៌មួយដ៏ល្បីល្បាញនៅលើលោក និងមានឥទ្ធិពលបំផុតទៅលើប្រទេសអឺរ៉ុបសព្វថ្ងៃទាំង ភាសា សាសនា វប្បធម៌ សិល្បៈ រចនាបថស្ថាបត្យកម្ម…។ ចក្រភពនេះមានអាយុកាលជាង១០០០ឆ្នាំ (៥៥០-៤៦៥មុនគ.ស.) និងមានទីក្រុងរ៉ូម ជារាជធានី។ អរិយធម៌នេះបានបង្កើតភាសាឡាតាំងរបស់ចក្រភពរ៉ូម ដែលជាដើមកំណើតដោយផ្ទាល់ទៅលើភាសា នៃប្រទេសអឺរ៉ុបភាគច្រើនដូចជា ភាសាអេស្ប៉ាញ ព័រទុយហ្គាល់ អ៊ីតាលី និងបារាំង ជាដើម។
៧. អរិយធម៌ពែក្យ៖ អរិយធម៌ដ៏សំខាន់មួយទៀតដែលកើតឡើងដំណាលគ្នានឹងអរិយធម៌រ៉ូមបុរាណដែរ គឺអរិយធម៌ពែក្យ ដែលមានទីតាំងស្ថិតនៅត្រង់ប្រទេសអ៊ីរ៉ង់សព្វថ្ងៃ និងលាតសន្ធឹងយ៉ាងទូលំទូលាយទៅលើផ្នែកផ្សេងៗទៀតនៃទ្វីបអាស៊ី អឺរ៉ុប និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក។ អរិយធម៌នេះមានអាយុកាលជាង២០០០ឆ្នាំ (៥៥០-៣៣១មុនគ.ស.) ហើយត្រូវបានបញ្ចប់ទៅវិញនៅពេលដែលព្រះចៅអាឡិចសង់មហារាជ (Alexender the Great ) របស់ក្រិច បានវាយយកចក្រភពពែក្យនៅឆ្នាំ៣៣០មុនគ.ស.។
៦. អរិយធម៌ក្រិចបុរាណ៖ អរិយធម៌ក្រិចបុរាណ (Ancient Greek Civilization) ជាអរិយធម៌មូយក្នុងចំណោមអរិយធម៌ដ៏ ល្បីល្បាញ និងមានឥទ្ធិពលខ្លាំងបំផុតនៅលើពិភពលោក។ ប្រទេសក្រិចបុរាណ កើតចេញពីបណ្តុំនៃរដ្ឋបុរី (City-State) ជាច្រើនដូចជា បុរីអាថែន បុរីស្ប៉ាក បុរីតែប និងអាកកូស ជាដើម ដែលចាប់ផ្តើមពីឆ្នាំ២៧០០-៤៧៩មុនគ.ស.។ អ្នកប្រាជ្ញល្បីៗនៅក្រិចនាសម័យនោះមានដូចជា លោក ពីតាករ អាកស៊ីម៉ែត សូក្រាត អឺគ្លីត ប្លាតុង អារីស្តូត តាលែស… ដែលបានផ្តល់ចំណេះដឹងមូលដ្ឋានគ្រឹះយ៉ាងច្រើនក្នុងការអភិវឌ្ឍផ្នែកវិទ្យាសាស្ត្រ និងទស្សនវិជ្ជារបស់ពិភពលោក។
៥. អរិយធម៌ចិនបុរាណ៖ អរិយធម៌នេះបានកកើតឡើងនៅតាមអាងទន្លេលឿង (Yellow River) និងទន្លេយ៉ាងសេ (Yangtze River) នៃប្រទេសចិនសព្វថ្ងៃ និងមានអាយុកាលជាង៥០០ឆ្នាំ (១៦០០-១០៤៦មុនគ.ស.) ។ អរិយធម៌ចិនបុរាណ បានផ្តល់វិភាគទានយ៉ាងធំដល់ការរីកចម្រើននៃអរិយធម៌ចិនសម័យក្រោយៗទៀតដូចជា ការរីកចម្រើនផ្នែកទស្សនវិជ្ជា ខុងជឺនិយម និងការបង្កើតថ្មីផ្សេងៗដូចជា ការផលិតម្ស៉ៅរំសេវ ក្រដាស ម៉ាស៊ីនបោះពុម្ព ត្រីវិស័យ ស្រា និងកាំភ្លើងធំ ជាដើម។
៤. អរិយធម៌ម៉ាយ៉ា៖ អរិយធម៌នេះមានទីតាំងស្ថិតនៅត្រង់អាមេរិចកកណ្ដាល និងមានអាយុកាលប្រមាណ៣៥០០ឆ្នាំ (២៦០០មុនគ.ស.-៩០០គ.ស.)។ ពួកម៉ាយ៉ា ជាអ្នកខ្លាំងខាងតារាសាស្ត្រ (Astronomy)។ ពួកនេះបានបង្កើតប្រតិទិន និងសាងសង់ប្រាសាទពីរ៉ាមីត ដែលភាគច្រើនមានទំហំធំជាងប្រាសាទនៅអេហ្ស៊ីប ទៅទៀត។
៣. អរិយធម៌អេហ្ស៊ីបបុរាណ៖ អរិយធម៌អេស៊ីបបុរាណត្រូវបានគេចាត់ទុកជាអរិយធម៌ដ៏រុងរឿង និងចំណាស់ជាងគេមួយនៅលើលោក (៣១៥០-៣០មុនគ.ស.) ដែលលេចឡើងជារដ្ឋដំបូងនៅតាមដងទន្លេនីល (Nile River) ភាគខាងជើងត្រូវនឹងប្រទេសអេហ្ស៊ីប បច្ចុប្បន្ន។ អរិយធម៌នេះមានបន្សល់ទុកនូវកេរដំណែលប្រាសាទពីរ៉ាមីត ជាច្រើនដែលក្នុងនោះ «ពីរ៉ាមីតហ្គីសា» ជាសំណង់ស្ថាបត្យកម្មដែលល្បីជាងគេ ហើយក៏ជានិមិត្តរូបនៃអរិយធម៌អេហ្ស៊ីបបុរាណផងដែរ។
២. អរិយធម៌ជ្រលងទន្លេឥណ្ឌុស៖ អរិយធម៌ជ្រលងទន្លេឥណ្ឌុស (Indus Valley Civilization) គឺជាអរិយធម៌ដ៏ចំណាស់ជាងគេបំផុតទី២ ដែលបានកកើតឡើងនៅជុំវិញអាងទន្លេឥណ្ឌុស ដោយហូរកាត់ភាគពាយ័ព្យនៃប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថានសព្វថ្ងៃ។ អរិយធម៌នេះមានអាយុកាលជាងមួយសហស្សវត្សរ៍ (៣៣០០-១៩០០មុនគ.ស.) ដែលក្រោយមកបានបាត់បង់ និងរលត់ទៅវិញដោយសារការឈ្លានពានពីសំណាក់ពួកអារ្យ័ន (Aryan) មកពីម្តុំអ៊ីរ៉ង់។ ក្រោយមកមានទីក្រុងមួយបានលេចឡើងគឺក្រុងតក្កសិលា (Takkasila) ជាមជ្ឈមណ្ឌលសិក្សារៀនសូត្រយ៉ាងសំខាន់ផ្នែកគម្ពីរវេទ និងព្រះពុទ្ធសាសនា។ ម្យ៉ាងទៀត ក្រុងតក្កសិលានេះក៏ត្រូវបានមាននិយាយផងដែរនៅក្នុងព្រះត្រៃបិដកព្រះពុទ្ធសាសនាដូចជា រឿងអង្គុលីមា និងនង្គលីសជាតកជាដើម។ ចំណែកនៅក្នុងរឿងព្រេងនិទានខ្មែរវិញ ក៏មានការលើកយកឈ្មោះក្រុងតក្កសិលា មកនិយាយដែរដូចជារឿង ដើមកំណើតទំនៀមផ្កាស្លាបី និងរឿងព្រះរាជកុមារ៤អង្គត្រូវជ្រើសយកមួយអង្គសោយរាជ្យ ជាដើម។
១. អរិយធម៌មេសូប៉ូតាមី៖ អរិយធម៌មេសូប៉ូតាមី ជាអរិយធម៌ដំបូងបំផុតនៅលើលោក (៣៥០០-៥០០មុនគ.ស.) មានទីតាំងស្ថិតនៅត្រង់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ និងបន្តលាតសន្ធឹងលើផ្នែកខ្លះនៃប្រទេសស៊ីរី និងតួកគី។ “មេសូប៉ូតាមី” ជាភាសាក្រិចបុរាណ ដែលន័យថា ដែនដីស្ថិតនៅចន្លោះទន្លេពីរ។ មនុស្សសម័យនោះចាប់ផ្តើមរស់នៅជាសហគមន៍ ហើយពឹងផ្អែកលើការដាំដុះ និងចិញ្ចឹមសត្វជាដើម។
ដកស្រង់ចេញពី៖ https://thmeythmey.com/ https://www.ancienthistorylists.com/ancient-civilizations/10-oldest-ancient-civilizations-ever-existed/