“តើប្រជាជនខ្មែរគួរបោះបាយបិណ្ឌក្នុងពិធីបុណ្យភ្ជុំបិណ្ឌដែរឬទេ?”
អត្ថបទដោយ : ផេង ឧត្តម
#MJQE#AmericanInterconSchool
ជារៀងរាល់ឆ្នាំ ពេលរដូវបុណ្យភ្ជុំបិណ្ឌមកដល់ ទស្សនៈផ្ទុយគ្នាតែងកើតមានឡើងចំពោះការបោះបាយបិណ្ឌដែលជាប្រធានបទមិនទាន់ដាច់ស្រឡះក្នុងការពិភាក្សា។ ខាងក្រោមនេះជាមតិស្រប និងមតិផ្ទុយដែលយើងគួរស្វែងយល់ថាតើយើងគួរបន្ត ឬបញ្ឈប់ការបោះបាយបិណ្ឌក្នុងពិធីបុណ្យភ្ជុំបិណ្ឌ។
មតិមួយចំនួនបានសម្តែងការមិនគាំទ្រចំពោះការបោះបាយបិណ្ឌនេះទេ។ ដោយពួកគេបានលើកឡើងថា សូម្បីតែប្រទេសខ្លះយកអំពៅ ស្រូវសាឡី ឬចំណីអាហារផ្សេងៗមកចម្រាញ់ធ្វើជាប្រេងដើម្បីចាក់យានយន្តក៏អង្គការស្បៀងអាហារពិភពលោកថ្កោលទោសដែរ ដោយសារនេះជាការខ្ជះខ្ជាយចំណីអាហារសម្រាប់មនុស្សជាតិ។ ដោយពួកគេបានបន្ថែមថា មានប្រជាជនច្រើនណាស់ក្នុងប្រទេសក្រីក្រដែលអត់ឃ្លាន និងកំពុងត្រូវការអាហារទទួលទានដើម្បីបន្តជីវិត។ ចុះទម្រាំយើងយកបាយមកបោះចោលបែបនេះ វាជាទង្វើរមិនត្រឹមត្រូវខ្វះបញ្ញាដោយប្រទេសកម្ពុជាមានវត្តជិត ៥០០០ វត្ត និងការបោះបាយបិណ្ឌមានរយៈពេលរហូតដល់ទៅកន្លះខែ។ សួរថា តើយើងត្រូវចំណាយបាយអស់ប៉ុន្មានជារៀងរាល់ឆ្នាំ?
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានសម្ដែងនូវការសោកស្ដាយចំពោះការបំផុសគំនិតទាត់ចោលទំនៀមបុរាណដ៏ប្រពៃថ្លៃថ្លាមួយនេះ និងថាកុលបុត្រកុលធីតាខ្មែរពុំគួរមានគំនិតទាត់ចោលទំនៀមបុរាណ «ការបោះបាយបិណ្ឌក្នុងកិច្ចពិធីបុណ្យភ្ជុំបិណ្ឌ» នេះទេ ពីព្រោះជាកិច្ចពិធីដ៏ចម្បង និងមានសារៈសំខាន់បំផុត។
ដោយឡែកព្រះគុណម្ខាស់ វជិវប្បញ្ញោ សាន សុជា បានមានព្រះសង្ឃដីការដោយមិនបដិសេធគំនិតខាងលើថាមួយណាខុស ឬមួយណាត្រូវឡើយ ដោយព្រះអង្គបានពន្យល់ថា ក្នុងគម្ពីរនៃសាសនាព្រះពុទ្ធ ការបោះបាយបិណ្ឌមិនមានទេ មានតែបាយបាត (បាតដែលព្រះសង្ឃដាក់បាយ)។ ការបោះបាយបិណ្ឌនេះជាវប្បធម៌ដែលដូនតាខ្មែរបង្កើតឡើងដោយមានគោលបំណងច្បាស់លាស់ដូចខាងក្រោម៖
– ប្រជាដូនតាមានបំណងចង់ឱ្យប្រជាជនមានសាមគ្គីភាព រៀនធម៌ ជួយឧបត្ថម្ភដល់ព្រះសង្ឃ និងសាងសេចក្តីល្អជាមួយគ្នា។
– ជនខ្មែរយល់ខុសថា ការបោះបាយបិណ្ឌជាកម្មវិធីបោះបាយឱ្យប្រេត ដោយឡែកប្រេតមិនមែនមានតែប៉ុន្មានថ្ងៃហ្នឹងទេ។ កំណើតរបស់ប្រេតវាលិឍស៊ីរបស់មិនល្អជាប្រចាំ។
– មូលហេតុដែលការបោះបាយបិណ្ឌត្រូវបានធ្វើឡើងនៅពេលទាបភ្លឺដោយសារដូនតា មិនចង់រំខានដល់ការបំពេញការងាររកទទួលទានរបស់ប្រជាជនដូចជាការធ្វើស្រែចំការជាដើមនៅពេលថ្ងៃ។ តែបែជាយើងយល់ថា ប្រេតចេញមកស៊ីបាយបិណ្ឌបានតែពេលងងឹតទៅវិញ។
– ប្រជាជនមិនសូវចូលវត្ត ទើបដូនតាបង្កើតកម្មវិធីនេះឡើង ព្រោះលោកចង់ឱ្យប្រជាជនខ្មែរស្តាប់បរាភវសូត្រ។ បរាភវសូត្រ មានន័យថា វោហារសាស្ត្រ បែបបទ ឬក៏មាត្រា ដែលបង្ហាញពីអត្ថន័យនៃសេចក្តីវិនាស។ ការសូត្របទបរាភវសូត្រនេះ គឺជាការរៀបរាប់ពីសេចក្តីវិនាសទាំងឡាយ ដែលជនប្រុសស្រីត្រូវចៀសវាង។ នៅពេលបានយល់ថា អ្វីជាសេចក្តីវិនាស និងអ្វីជាហេតុនាំឱ្យវិនាសហើយ ជនានុជនគ្រប់រូបគួរកុំគប្បីប្រព្រឹត្តឡើយ នូវហេតុ ឬអំពើដែលនាំឱ្យវិនាសទាំងនោះ។
– ចំពោះមតិថាគួរបន្តបោះបាយបិណ្ឌ ឬបញ្ឈប់ ព្រះអង្គមានសង្ឃដីការថា មិនគួរបោះបង់ទេ តែត្រូវមានបញ្ញា។ ប្រពៃណីគួរត្រូវរក្សា តែបាយបិណ្ឌត្រូវបោះតិចតួចបានហើយ មិនគួរច្រើនដូចប្រជាជនយើងមួយចំនួនធ្វើនោះទេ ព្រោះទី១ខាតលុយ និងខាតបាយចោល និងទី២វាធ្វើឱ្យស្អុយវត្ត។
សរុបសេចក្តីមក ទោះបីមានមតិផ្ទុយគ្នាចំពោះប្រធាបទខាងលើ តែយើងឃើញថា មានមតិមួយដែលស្របគ្នាពោលគឺ ការធ្វើបុណ្យ និងអ្វីគ្រប់យ៉ាងត្រូវប្រកបដោយបញ្ញា។ បញ្ញានេះហើយជាមេរៀនដ៏សំខាន់បំផុតដែលព្រះពទ្ធបានព្រានប្រដៅដល់សត្វលោកទាំងអស់។ ម្យ៉ាងវិញទៀត ការសម្រេចចិត្តថាតើយើងគួរបន្តឬបញ្ឈប់ការបោះបាយបិណ្ឌ វាជាជម្រើសរបស់យើងដោយយោងតាមជំនឿផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ។
ដកស្រង់ចេញពីគេហទំព័រ៖
– https://youtu.be/Cc0_UW7et-U
– https://thmeythmey.com/?page=detail&id=69868
– https://www.rfi.fr/km/cambodia/pchum-ben-bay-ben-19-09-2016
– http://freshnewsasia.com/index.php/en/localnews/87728-2018-
05-24-02-21-18.html
– http://m.freshnewsasia.com/index.php/en/localnews/213438-
2021-09-19-09-06-26.html