“គុណប្រយោជន៍សុខភាព៨យ៉ាងបានពីការញ៉ាំទឹកឃ្មុំមុនចូលគេង”
អត្ថបទដោយ : គិត សុភ័ក្រ្ត
យើងគ្រប់គ្នាអាចនឹងដឹងពីអត្ថប្រយោជន៍របស់ទឹកឃ្មុំខ្លះហើយថា ទឹកឃ្មុំអាចសម្រួលដល់អាការៈជំងឺផ្ដាសាយ និងផ្តល់សំណើមដល់ស្បែក។ ប៉ុន្តែយើងអាចនឹងមិនដឹងថា អ្នកវិទ្យាសាស្ត្រហៅទឹកឃ្មុំជាកំពូលអាហារ ព្រោះទឹកឃ្មុំមានសារធាតុដែលជួយដល់សុខភាពច្រើនដែលយើងមិនដែលបានដឹង។ យើងតែងយកទឹកឃ្មុំទៅលាយនឹងអាហារផ្សេង តែគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយមុនចូលគេងក៏ផ្តល់ប្រយោជន៍ច្រើនដល់សុខភាព។
១. គេងលក់ស្រួល
ទឹកឃ្មុំផ្ទុកសារធាតុ tryptophan ជាអ័រម៉ូនដែលជួយបន្ធូរអារម្មណ៍ និងផ្តល់សញ្ញាឱ្យរាងកាយថាដល់ពេលចូលគេងហើយ។ ទោះបីជារាងកាយត្រូវការអាស៊ីដអាមីណូនេះ ប៉ុន្តែរាងកាយមិនអាចផលិតអាស៊ីដអាមីណូដោយខ្លួនឯងទេ។ ហេតុនេះហើយ យើងត្រូវទទួលពីរបបអាហាររួមមានទឹកឃ្មុំជាដើម។ ពេលខ្លះយើងអាចភ្ញាក់កណ្ដាលយប់ នេះមកពីអំឡុងពេលគេង ខួរក្បាលត្រូវការសារធាតុ glycogen និងបង្កឱ្យក្រពេញ aldrena បញ្ចេញអ័រម៉ូន adrenaline និង cortisol ដែលធ្វើឱ្យយើងមិនអាចគេងបាន។ ដោយទឹកឃ្មុំមានសារធាតុ glycogen ដែលខួរក្បាលត្រូវការ ដូចនេះការញ៉ាំទឹកឃ្មុំមុនគេងអាចជួយឱ្យគេងលក់ស្រួល។
២. បញ្ចុះសម្ពាធឈាម
សម្ពាធឈាមខ្ពស់គឺជាកត្តាមួយនៃហានិភ័យជំងឺបេះដូង។ ហេតុនេះហើយ ការរក្សាលំនឹងសម្ពាធឈាមគឺជាវិធីដ៏ល្អ ដើម្បីចៀសវាងជំងឺបេះដូង។ ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចបញ្ចុះសម្ពាធឈាម ហើយការញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយពេលយប់ជាវិធីដ៏ល្អ ដើម្បីបង្ការការលើសសម្ពាធឈាម។
៣. បញ្ចុះកម្រិតខ្លាញ់អាក្រក់
នៅពេលខ្លាញ់អាក្រក់ (Triglycerides ) មានកម្រិតខ្ពស់នោះហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែមក៏កើនឡើងដែរ។ ទឹកឃ្មុំ គឺអាចបញ្ចុះកម្រិតជាតិខ្លាញ់អាក្រក់នៅក្នុងរាងកាយបាន ដោយជួយសម្អាតខ្លាញ់ដែលមិនចាំបាច់ចេញពីក្នុងឈាម។
៤. ពង្រឹងប្រព័ន្ធភាពស៊ាំ
ទឹកឃ្មុំសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរីដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងឱ្យប្រឆាំងនឹងជំងឺផ្សេងៗបង្កដោយបាក់តេរី ផ្សិត និងវីរុសផ្សេងៗ។ បន្ថែមពីនេះទៀត ការញ៉ាំទឹកឃ្មុំរាល់យប់គឺជួយដល់រាងកាយបន្ថែមការការពារបែបធម្មជាតិ ហើយយើងក៏អាចប្រើទឹកឃ្មុំទៅលើរបួសបានដែរ។
៥. ដុតជាតិខ្លាញ់លឿនជាងមុន
ទឹកឃ្មុំ បង្កើនការធ្វើមេតាបូលីសដោយបង្កើតសកម្មភាពកម្ដៅនៅក្នុងរាងកាយ។ នេះមានន័យថា ទឹកឃ្មុំបង្កើនចលនាឈាមរត់ដែលបង្កើនសីតុណ្ហភាពក្នុងរាងកាយ និងជួយដល់ការដុតជាតិខ្លាញ់។
៦. បំបាត់អាការៈក្អក
ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងការរលាកធម្មជាតិ។ ការញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយលាយជាមួយនឹងទឹកក្ដៅឧណ្ហៗរាល់យប់ យើងអាចបន្ថយការរលាកនៅបំពង់ក និងចៀសវាងអាការៈក្អកបាន។ លើសពីនេះទៀត ទឹកឃ្មុំគឺសារធាតុប្រឆាំងបាក់តេរីដ៏ល្អមួយដែលជួយប្រឆាំងនឹងបាក់តេរីនៅនឹងបំពង់ក។
៧. ពន្យារភាពចាស់
វិធីធម្មជាតិដើម្បីពន្យារភាពចាស់គឺការទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយទឹកឃ្មុំសម្បូរដោយសារធាតុនេះ។ ការប្រើប្រាស់សេរ៉ូមសម្រាប់ថែរក្សាស្បែកគឺជាគំនិតល្អមួយ ប៉ុន្តែការញ៉ាំទឹកឃ្មុំរាល់យប់មុនចូលគេងនឹងជួយយើងបន្ថយសញ្ញានៃភាពចាស់ពីខាងក្នុងមក។
៨. ចៀសផុតពីជំងឺបាក់ទឹកចិត្ត
ទឹកឃ្មុំមានផ្ទុកសារធាតុ polyphenol ដែលជាសារធាតុគីមីប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដោយទប់ទល់នឹងអាការៈ oxidative stress ក្នុងកោសិកាខួរក្បាល។ ប្រសិនជាគ្នាយើងចង់ឱ្យសុខភាពផ្លូវចិត្តល្អ និងភ្ញាក់ពីគេងមកមានស្មារតីល្អ គួរញ៉ាំទឹកឃ្មុំរាល់យប់មុនចូលគេង៕
ដកស្រង់ចេញពី៖
– https://www.google.com/
– https://hellokrupet.com/