អត្ថបទដកស្រង់ដោយ : ញឹម ពិសិដ្ឋ
#MJQE#AmericanInterconSchool
ក្នុងបរិបទប្រទេសកម្ពុជា ការបញ្ជូនកុមារតូចអាយុ៣ ទៅ៤ឆ្នាំទៅសិក្សាថ្នាក់ក្រោមមត្តេយ្យសិក្សា គឺមិនទាន់មានភាពទំលំទូលាយនៅឡើយទេ ព្រោះថាឪពុកម្តាយភាគច្រើនបារម្ភថាកូនៗរបស់ពួកគាត់មិនអាចបែកពីពួកគាត់ បាន។ ថ្នាក់ក្រោមមត្តេយ្យសិក្សាអាចជួយកុមារបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំមួយទាំងនៅក្នុងជីវិតសិក្សា សង្គម និងជំនាញទូទៅនាពេលអនាគត។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗទាំងប្រាំនៃការបញ្ជូនកុមារទៅរៀននៅថ្នាក់ក្រោមមត្តេយ្យសិក្សា៖
១. ផ្តល់ការអភិវឌ្ឍផ្នែកភាសា :
នៅក្នុងថ្នាក់ក្រោមមត្តេយ្យសិក្សា កុមារតូចៗទាំងអស់នឹងមានឱកាសយ៉ាងច្រើនក្នុងការរៀនសូត្រនៅមុខវិជ្ជាគ្រឹះជាច្រើនដូចជា អំណាន ចម្រៀង គំនូរ រឿងនិទាន និងភាសាអង់គ្លេសជាដើម។ មេរៀនទាំងនេះនឹងជួយដល់ការរីកចម្រើនទៅលើផ្នែកភាសាទាំងការនិយាយ និងការសរសេរ។
២. ឱកាសសម្រាប់ការរីកចម្រើន :
សម្រាប់កុមារតូចៗ ថ្នាក់ក្រោមមត្តេយ្យសិក្សាគឺជាបទពិសោធដំបូងរបស់ពួកគេក្នុងការរៀបចំខ្លួនដើម្បីជួបជាមួយលោកគ្រូ អ្នកគ្រូ និងក្មេងៗដទៃទៀតដែលជាមិត្តរួមថ្នាក់របស់ពួកគេ។ វាក៏ជាឱកាសដ៏ល្អមួយដើម្បីឱ្យពួកគេរៀនចែករំលែក ស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ និងចាប់ផ្តើមការសិក្សាចាប់ពីកម្រិតដំបូង។ ចំណុចពិសេសទាំងអស់នេះនឹងអាចជួយឱ្យកុមារកាន់តែរីកចម្រើនក្នុងការសិក្សា និងមានភាពក្លាហានថែមទៀតផង។
៣. រៀនទំនាក់ទំនង :
ដើម្បីរៀនសូត្របានល្អ កុមារត្រូវទទួលបានការមើលថែឱ្យបានល្អពីសំណាក់លោកគ្រូ អ្នកគ្រូ។ កុមារលូតលាស់នៅពេលដែលមានភាពស៊ីចង្វាក់គ្នាក្នុងការថែទាំទាំងពេលនៅផ្ទះ និងនៅសាលារៀន។ នៅសាលារៀន លោកគ្រូអ្នកគ្រូមានការតាមដាន និងបង្រៀនកុមារដោយយកចិត្តទុកដាក់។ កុមារទទួលបានទាំងចំណេះដឹង ការអប់រំផ្នែកសីលធម៌ និងសុជីវ:ធម៌រស់នៅប្រចាំថ្ងៃ។ លើសពីនេះ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សនឹងទទួលបានរបាយការណ៍អំពីលទ្ធផលសិក្សា និងការរីកចម្រើនរបស់កូនៗរបស់ពួកគេផងដែរ។
៤. ការអភិវឌ្ឍផ្នែករាងកាយ :
ការរីកលូតលាស់ផ្នៃករាងកាយជួយឱ្យកុមាររៀនពីបរិយាកាសថ្មីៗនៅជុំវិញខ្លួនរបស់ពួកគេ។ នៅថ្នាក់ក្រោមមត្តេយ្យសិក្សា ជារៀងរាល់ថ្ងៃកុមារនឹងមានឱកាសបញ្ចេញសកម្មភាពផ្សេងៗដូចជា ការលេងកីឡា ការហាត់ប្រាណ និងការលេងល្បែងកំសាន្តផ្សេងៗដែលមានលក្ខណ:អប់រំ។ ម្យ៉ាងវិញទៀត នៅជុំវិញខ្លួនរបស់ពួកគេគឺសុទ្ធតែជាក្មេងៗដែលខិតខំរៀនសូត្រ ហើយហេតុផលបែបនេះ វានឹងជំរុញឱ្យកុមារស្ថិតនៅក្នុងបរិយាកាសវិជ្ជមាន និងអំណោយផលទាំងការសិក្សា និងភាពរឹងមាំផ្នែករាងកាយរបស់ពួកគេ។
៥. រៀនមើលថែទាំខ្លួនឯង :
សមត្ថភាព និងតម្លៃរបស់កុមារនឹងកាន់តែរីកចម្រើននៅពេលពួកគេរៀនចេះមើលថែខ្លួនរបស់គេ និងចេះជួយអ្នកដទៃ។ លោកគ្រូ អ្នកគ្រូគឺជាតួអង្គដ៏សំខាន់ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់កុមារឱ្យចូលរួមសកម្មភាពផ្សេងៗនៅក្នុងថ្នាក់រៀន។ មិនតែប៉ុណ្ណោះ កុមារក៏នឹងត្រូវបានផ្តល់ឱកាសក្នុងការធ្វើការជាក្រុម ដឹកនាំមិត្តភក្តិលេង ការធ្វើបំណិនជីវិត និងជួយគ្នាក្នុងការបំពេញកិច្ចការផ្សេងៗ។ សកម្មភាពទាំងអស់នេះមិនត្រឹមតែជួយឱ្យកុមារបានរៀនសូត្រប៉ុណ្ណោះទេ វាថែមទាំងជួយពួកគេឱ្យចេះសហការគ្នាថែមទៀតផង។
សរុបសេចក្តីមក ការបញ្ជូនកុមារតូចឱ្យចូលរៀននៅថ្នាក់ក្រោមមត្តេយ្យសិក្សាពិតជាមានសារៈសំខាន់ណាស់ព្រោះវាអាចជួយកុមារឱ្យរីកចម្រើនទាំងចំណេះដឹងមូលដ្ឋានគ្រឹះ ភាពក្លាហាន សីលធម៌ និងការលូតលាស់ផ្នែកកាយសម្បទារបស់ពួកគេ។ កុមារដែលសិក្សានៅថ្នាក់ក្រោមមត្តេយ្យសិក្សាមានការត្រៀមខ្លួនបានល្អក្នុងការសិក្សាជាងកុមារដែលមិនបានរៀន។
អត្ថបទដកស្រង់ និងបកប្រែចេញពីគេហទំព័រ៖
– https://www.greatschools.org/gk/articles/why-preschool/
– https://nca.school/15-reasons-why-preschool-is-one-of-the-most-important-decisions-you-can-make/