នៅទីបំផុត កីឡាករដែលជាយុវសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង ចំនួន៣រូប និងមួយរូបជាសិស្សមកពីវិទ្យាល័យច្បារអំពៅ ទទួលបានជ័យលាភីមេដាយមាស៤គ្រឿង និងមេដាយប្រាក់១គ្រឿង ពីការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១ បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញ ក្នុងជម្រុះជាច្រើនវគ្គ ដោយបេក្ខជនជាង៤ពាន់នាក់មកពី២៥ខេត្តក្រុង។ ក្នុងនោះមានចំនួន៧ក្រុម និងចំនួន៧ខេត្តក្រុង ដែលប្រកួតកីឡាវាយឃ្លីលើតុ ។
ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ប្រចាំឆ្នាំ២០១៩ កន្លងទៅ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងសហព័ន្ធប៉េងប៉ុង។
គ្រូកីឡា និងជាគ្រូវិន័យ ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង លោក សេង រតនា បានបញ្ជាក់ថា ជាធម្មតា ក្នុងនាមជាគ្រូបង្វឹកផ្នែកកីឡា ឱ្យតែឮថាទីណាមានការប្រកួត លោកតែងតែលើកទឹកចិត្តឱ្យសិស្សចូលរួមការប្រកួតកីឡានានា ព្រោះថាការបញ្ចេញសមត្ថភាពលើឆាកអន្តរជាតិ ឬការប្រកួតផ្សេងៗ ពិតជាសំខាន់សម្រាប់សិស្ស ដែលធ្វើឱ្យសិស្សានុសិស្សមានសុខភាពល្អ ម៉ឺងម៉ាត់ និងក្លាហាន។ ជាងនេះទៅទៀតអាចជួយជំរុញ ឱ្យពួកគេទទួលបាននូវបទពិសោធថ្មីៗ ចំណេះដឹងថ្មីៗ ចេះសង្កេតពីដៃគូរប្រកួតជាដើម។
លោកបន្តថា ការប្រកួតនេះត្រូវតែជាបេក្ខជនដែលទទួលបានជ័យលាភីលេខ១ប្រចាំរាជធានី ទើបអាចចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនេះបាន។ ជាក់ស្ដែងសិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីកន្លងទៅទទួលបានជ័យលាភីលេខ១ ប្រចាំរាជធានីផងដែរ។
តំណាងឱ្យខាងសាលាទាំងមូលគ្រូផ្នែកកីឡារូបនេះថា លោកពិតជាមានមោទកភាពជាខ្លាំងដែលសិស្សទទួលបានជ័យលាភីនេះ ហើយលោកក៏រំពឹងថានៅឆ្នាំក្រោយៗពួកគេនឹងនាំនូវជ័យលាភីនេះជាបន្តទៀត។
បេក្ខជន កាង យូឃាង សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង បានឱ្យដឹងថា នេះជាលើកទី៣ហើយ ដែលរូបគេទទួលបានជ័យលាភីលើការប្រកួតនេះ។ តែការចូលរួមប្រកួតដំបូងឃើញបេក្ខជនចូលរួមប្រកួតច្រើនរូបគេមានអារម្មណ៍ភ័យៗបន្តិចដែរតែក្រោយមកក៏តាំងចិត្តថា ឱ្យបានមុះមុត និងមានចិត្តចង់យកឈ្នះឱ្យខានតែបាន។
ហុកលីថា ការលេងកីឡាមិនត្រឹមតែផ្តោតលើរឿងឈ្នះចាញ់តែមួយមុខនោះទេ កីឡាក៏បានផ្តល់ឱ្យរូបគេទទួលបាននូវសុខភាពល្អ ប្រាជ្ញាវាងវៃ មានភាពក្លាហ៊ាន មិនឱ្យចាញ់ប្រៀបបេក្ខជនដទៃឡើយ។
ស្រដៀងគ្នានេះបេក្ខជន ទៀ ហុកលី ជាសិស្សមកពីវិទ្យាល័យច្បារអំពៅ បានឱ្យដឹងផងដែរថា រូបគេពិតជាមានអារម្មណ៍ថាសប្បាយរីករាយជាខ្លាំងដែលទទួលបានជ័យលាភីនេះ បើទោះបីខ្លួនគេធ្លាប់ទទួលបានជ័យលាភីលើការប្រកួតចំនួន២លើករួចមកហើយក្តី ព្រោះទាំងនេះជាសមទ្ធិផលដែលរូបគេបានខិតខំ។
គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិលើកទី១នេះ កីឡាករទាំងអស់ត្រូវប្រកួតចំនួន៣វិញ្ញាសារ សម្រាប់កីឡាវាយឃ្លីលើតុ ដោយវិញ្ញាសារទី១ការវាយជាក្រុម ទី២វាយជាគូរ និងទី៣វាយជាលក្ខណៈឯកត្តជន ហើយបេក្ខជនដែលជាសិស្ស សាលា AIS ទទួលបានលេខ១ជាក្រុម គឺទទួលបានមេដាយមាស និងទឹកប្រាក់ចំនួន១លាន ៥សែនរៀល វាយជាគូរទទួលបានចំណាត់ថ្នាក់លេខ២ ទទួលបានទឹកប្រាក់៦០ម៉ឺនរៀល និងឯកត្តជនលេខ២ ទទួលបានទឹកប្រាក់២០ម៉ឺនរៀលផងដែរ៕