កម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេស ដែលរៀបចំដោយ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាលើកដំបូង បានរកឃើញជើងឯកហើយ គឺកុមារី លឹម នីដាសោភិតា សិស្សភាសាអង់គ្លេសកម្រិត 6A ទទួលជ័យលាភីលេខ១ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញក្នុងចំណោមសិស្សានុសិស្សចំនួន១៦នាក់។
ចំណែកយុវសិស្ស ពីររូបទៀត គឺ កុមារាកែវ ម៉េងហ៊ាង ទទួលបានជ័យលាភីលេខ២ និងកុមារា បាន សុភក្តិមានហេង ជាប់ជ័យលាភី លេខ៣។
កុមារី លឹម នីដាសោភិតា ដែលបានលើកយករឿងនិទានមួយ ដែលតែងដោយខ្លួនឯងយកមកប្រកួតបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលទទួលបានជ័យលាភីពីការប្រកួតនេះ។ អ្វីដែលជំរុញឱ្យរូបគេទទួលបានជ័យលាភីនេះ គឺដោយសារការយកចិត្តទុកដាក់ក្នុងការហាត់សមក្នុងរយៈមួយអាទិត្យ ភាពក្លាហាន និងទំនុកចិត្តលើខ្លួនឯង។
ជាមួយនឹងជ័យលាភីនេះ កុមារីភិតា លើកឡើងថា ការបង្កើតឱ្យមានកម្មវិធីប្រកួតនិទានរឿងជាភាសាអង់គ្លេសនេះឡើង គឺមានប្រយោជន៍យ៉ាងច្រើនសម្រាប់សិស្សានុសិស្ស ដែលធ្វើឱ្យសិស្ស ខំប្រឹងពង្រឹងសមត្ថភាព និងជំនាញប្រើប្រាស់ភាសាអង់គ្លេសកាន់តែល្អ ព្រមទាំងទទួលបានចំណេះដឹងពីបេក្ខជនផ្សេងទៀតដែលឡើងមកនិទានរឿង។ កុមារីដដែលនេះ ជំរុញឱ្យសិស្សដទៃ បង្កើនភាពក្លាហានចូលរួមការប្រកួតនិទានរឿងជាភាសាអង់គ្លេសនៅឆ្នាំក្រោយ ដើម្បីបង្កើនសមត្ថភាព និងទទួលបានចំណេះដឹងពីការប្រឡងនេះ បើទោះជាមិនទទួលបានជ័យលាភីក៏ដោយ។