ហេតុអ្វីត្រូវការអប់រំ?

ហេតុអ្វីត្រូវការសិក្សាអប់រំ
ជាការពិត នៅក្នុងប្រទេសមួយ ភាពរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសនោះ គឺអាស្រ័យទៅលើគុណភាពនៃការអប់រំ ព្រោះវិស័យមួយនេះបានដើរតួនាទីយ៉ាងសំខាន់ ហើយជាវិស័យសេនាធិការក្នុងការបណ្តុះបណ្តាល និងការបញ្ចេញធនធានមនុស្សដើម្បីបម្រើប្រទេសអោយមានវឌ្ឍនភាពលើគ្រប់វិស័យ។
ម្យ៉ាងវិញទៀត នៅពេលដែលប្រទេសមានគុណភាពនៃការអប់រំល្អ ប្រទេសនោះនឹងពោរពេញទៅដោយធនធានមនុស្សដែលធ្វើការប្រកបដោយសក្តានុពល ប្រកបដោយគុណធម៌ សីលធម៌ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចពាក្យស្លោកមួយបានបញ្ជាក់ថា គុណភាពនៃការអប់រំ ជាគុណភាពនៃការអភិឌ្ឍជាតិ និងគ្រួសារ។
ជាមួយគ្នានេះដែរ ការសិក្សាអប់រំបានដើរតួនាទីយ៉ាងសំខាន់បំផុតសម្រាប់ធ្វើឱ្យប្រទេសនីមួយៗ ក៏ដូចជាពិភពលោកទាំងមូលមានភាពសុខដុមរមនា និងមានសន្តិភាពបរិបូរណ៍ និងជាការបង្ហាញគំរូដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយក្នុងការបណ្តុះ និងឱ្យតម្លៃពីមួយជំនាន់ទៅមួយជំនាន់លើសារៈសំខាន់ដែលមិនអាចខ្វះបាននៃវិស័យសិក្សាអប់រំ។