thumbnail

បទបង្ហាញ និងការសម្តែងល្ខោនស្រមោលស្បែកតូច

បន្ទាប់​ពីធ្វើបទបង្ហាញ និងសម្ដែងផ្ទាំងទស្សនីយភាពល្ខោនស្រមោលស្បែកតូច ដល់សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅសេទុង​ ​ទទួលបាន​ជោគជ័យ​កន្លងមក​ ​នៅថ្ងៃទី៦​ កក្កដា​ ​២០១៧​ ​នេះ​ ​សាលាសិល្បៈហ៊្វូណន​ ​បានបន្ត​សហការ​ជាមួយ​នឹង​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខាទួលគោក​បន្ថែមទៀត​ ​ដើម្បីផ្សព្វផ្សាយ​ពីកេរដំណែលខ្មែរ​ ​ដែលមាន​អាយុកាល​តាំងពីយូរលុង​ណាស់មក​ហើយ ​ដល់សិស្សានុសិស្ស​ថ្នាក់ទី៧​ ​ដល់ទី១១​ប្រមាណជាង​៥៧០នាក់​ ​នៅសាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​សាខា​ទួលគោក​។ លោក​ សោម ចាន់ណា​ ​ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ​ ​សាខាទួលគោក​ បានប្រាប់ដល់​ ​ឌិ​ ​អ៊ីនធ័រខន​ ​រ៉ូស្ទ័រ​ ថា​ ​ការធ្វើបទបង្ហាញ​ ​និង​សម្ដែងល្ខោន​ស្រមោលស្បែកតូច​នេះឡើង​ ​ដើម្បីឱ្យ​សិស្សានុសិស្ស​ខ្លួន​ឈ្វេងយល់​ ​ផ្សព្វផ្សាយ​ ​គាំពារ​ ​អភិរក្ស​ ​និង​លើកស្ទួយ​សិល្បៈ​បុរាណ​ខ្មែរ​ ​ដែលបន្សល់​ពីបុព្វបុរស​តាំងពី​បុរមបុរាណ​មកម្ល៉េះ​។​ ​ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ​រូបនោះ​បន្ថែមថា​ ​កូនខ្មែរមួយចំនួន​ស្ទើរ​តែពុំ​ស្គាល់សិល្បៈ​ដ៏មានប្រជាប្រិយ​នេះ​ប៉ុន្មាន​ទេ​។​ ​ដូច្នេះនៅ​ពេលជ្រាបច្បាស់​ ​នោះពួកគេ​នឹង​ផ្សព្វផ្សាយ​ ​និង​រួមចំណែក​អភិរក្ស​ឱ្យ​បាន​គង់វង្ស​បន្ត​ទៀត​​។​ ​​លោកបន្ថែមថា​​ ​បច្ចុប្បន្ន​ល្ខោនបុរាណនេះ​​ ​​ត្រូវបាន​គេយកចិត្តទុក​ដាក់​ខ្ពស់​​ ​​ព្រម​បាន​ដាក់​បញ្ចូលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ផងដែរ​។​ ​ទាក់ទិន​បញ្ហានេះ​ ​លោក​ ស៊ុប ស័ក្ខរា​ ​ស្ថាបនិក​ ​និងនាយកសាលា​សិល្បៈហ៊្វូណន​ ​បានឱ្យដឹងថា​ ​ល្ខោនស្រមោលស្បែក​ចែកចេញ​ជា​៣​ ​គឺ​ទី១​ ​ស្រមោលស្បែកធំ​ ​ជាសិល្បៈ​ដ៏ចំណាស់មួយ​ ​ដែលបុព្វបុរសខ្មែរ​យកស្បែកគោ​ទៅ​ឆ្លាក់ជា​រូបភាព​តួអង្គ​ទៅតាម​សាច​រឿង​នីមួយៗ​ដោយ​រស់រវើក​តែម្ដង​។​ ​មិនតែ​ប៉ុណ្ណោះ​ ​ល្ខោននេះ​ ​ជាទម្រង់​សិល្បៈ​បែបសក្ការៈ​សម្រាប់​ឧទ្ទិសថ្វាយ​អទិទេព​ ​ភាគច្រើន​សម្ដែង​តែក្នុងរឿង​រាមកេរ្តិ៍​ ​ដែល​មាន​កម្ពស់​ប្រមាណជាង​១ម៉ែត្រ​ ​ទៅ​២ម៉ែត្រ​ ​ចំពោះ​រូបនៅ​នឹង​ថ្កល់​មិនអាច​កម្រើកដៃជើង​ ​និងហាមាត់បានទេ​។​ ស្ថាបនិក​ ​និងនាយក​សាលាសិល្បៈ​ហ៊្វូណន​ដដែល​នេះបន្តថា​ ​ទី២​ ​​គឺល្ខោនស្រមោលស្បែកពណ៌​ ​គេតែង​យកស្បែក​គោ​មកឆ្លាក់​ជារូប​តួអង្គ​ ​ហើយលាបពណ៌​ពី​លើ​ចម្លាក់​ស្បែក​នោះ​ឱ្យដូច​នឹង​គំនូរ​ដ៏ស្រស់ស្អាត​។​ ​លើសពីនេះ​ទៀត​ ​គេតែង​សម្ដែង​រឿង​បែប​អក្សរសិល្ប៍​ខ្មែរ​ដូចជា​ព្រះធិនវង្ស​នាងពៅ​ជាដើម​។​ ​ពិសេសនោះ​ ​គឺមានទំហំតូច​ជាង​ចម្លាក់ស្បែកធំ​ ​ហើយរូបនឹង​ថ្កល់​មិនអាច​កម្រើក​ដៃជើង​បានឡើយ​។​ ​លោក​បញ្ជាក់បន្ថែមថា​ ​ទី៣​ ​គឺល្ខោនស្រមោលស្បែកតូច​ ​ដែលជាល្ខោនដ៏មានប្រជាប្រិយ​ ​គេតែងសម្ដែង​ក្នុងរឿង​ព្រេងបុរាណ​ ​សម័យ​ ​និង​និទានបែបអប់រំ​ ​និងកប្លែង​ដូចជារឿង​រាមកេរ្តិ៍​ ​ធនជ័យ​ ​ព្រះច័ន្ទគោរព​ ​និងការអប់រំ​ច្បាប់​ចរាចរណ៍​នានាជាដើម។​ សូមជម្រាប​ជូនថា​ ​ល្ខោន​ស្រមើលស្បែកតូច​ ​គឺមានទំហំ​តូចជាង​ល្ខោនស្រមោលស្បែកធំ​ ​និងល្ខោនស្រមោលស្បែកពណ៌​ ​ដែល​មាន​កម្ពស់​ប្រហែល​កន្លះម៉ែត្រ​ ​ហើយ​អាចកម្រើកដៃជើង​ ​និងហាមាត់​ស្តីបាន​ ​ព្រមទាំង​មានអ្នក​បញ្ចូល​សំឡេង​ទៅតាម​កាយ​វិការ​នៃ​តួអង្គ​នីមួយៗ​ផងដែរ​។​ ​គួររម្លឹកជូនថា​ ​សាលារៀន​ ​អន្តរទ្វីប​ ​អាមេរិកាំង​ ​តែងលើក​កម្ពស់​វប្បធម៌​ ​អរិយធម៌​ ​និងទនៀមទម្លាប់​ខ្មែរ​ ​តាមរយៈ​សិស្សានុសិស្ស​ ​និង​មហាជន​ទូទៅ​ ​ដើម្បី​រួមចំណែក​អភិរក្ស​អារ្យធម៌ខ្មែរ​ដ៏រុងរឿងនេះ​ឱ្យមាន​ស្ថិរភាព​៕​