thumbnail

ពិធីបិទការប្រកួតកីឡា​មហា​ជន​ជ្រើស​រើស​ជើង​ឯក​រាជ​ធានី​ភ្នំពេញ

កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន​នាំ​ក្រុម​កីឡា​ចូល​រួម​​បិទ​ការ​ប្រកួត​​កីឡា​​មហាជន​ ជ្រើស​​រើស​​ជើង​ឯក​​រាជធានី ឆ្នាំ២០១៧ នៅឯ​វិទ្យាល័យ​ច្បារ​អំពៅ ក្រោមអធិបតីភាពលោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន ​និង​កីឡា រាជធានី​ភ្នំពេញ។ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯករាជធានីភ្នំពេញឆ្នាំ២០១៧នេះ មានការចូលរួមពីសមាគម អង្គការ ​និង​សាលារៀន​ទាំង​រដ្ឋ​និង​ឯកជន​ចំនួន ១៦ស្ថាប័ន ដោយ​បាន​បើក​ការ​ប្រកួត​ចាប់​តាំង​ពី​ថ្ងៃ​ទី១៩ មិថុនា កន្លងទៅ នឹងបញ្ចប់នៅថ្ងៃទី២៩ ។ វិញ្ញាសាប្រកួតកីឡាមហាជនរាជធានីភ្នំពេញឆ្នាំ២០១៧ នេះមានចំនួន ៦វិញ្ញាសា ដែលក្នុងរួមមាន៖​

  1. វិញ្ញាសាបាល់ទាត់ មាន៩ក្រុមចូលរួម ដែលជើងឯកបានទៅលើសមាគមកីឡា OKF ។
  2. វិញ្ញាសាបាល់ទះ ជើងឯកបានទៅលើក្រុមកីឡាមកពីវិទ្យាល័យ ជា ស៊ីម ជ្រោយចង្វា។
  3. វិញ្ញាសាបាល់បោះ ជើងឯកបានទៅលើក្រុមកីឡាមកពីសាលាអន្តរជាតិ ខេមអេដ។
  4. វិញ្ញាសាអត្តពលកម្ម ជើងឯកបានទៅលើក្រុមកីឡាមកពីវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ។
  5. វិញ្ញាសាប៉េតង់ ជើងឯកប្រភេទឯកត្តជនបានទៅលើកីឡាករ ផល ហាប់ទិត្យទេវរាជ។ ចំណែកជើងឯក​ប្រភេទ​ក្រុម ​បាន​ទៅ​លើ​ក្រុម​កីឡា​មក​ពី​វិទ្យាល័យ ជា ស៊ីម សាមគ្គី។
  6. វិញ្ញាសាវាយកូនឃ្លីលើតុ ជើងឯកប្រភេទឯកត្តជនបានទៅលើកីឡាករ សំណាង វីរៈបុត្រ មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ​ហើយ​ចំណែក​ជើងឯក​ប្រភេទ​វាយ​ជា​ក្រុម ក៏​បាន​ទៅលើ​ក្រុម​កីឡា​មកពីសាលារៀន អន្តរទ្វីប អាមេរិកាំង ផងដែរ។ ការប្រកួតកីឡាមហាជន តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេស​កម្ពុជា​ ក្រោម​ការ​រៀបចំ​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ដោយ​មាន​វិញ្ញាសា​ចម្រុះ​ច្រើន​ប្រភេទ ​ហើយដែលមហាជនអាចចូលរួមប្រកួតបានគ្រប់ៗគ្នា៕